(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកងកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលការិយាល័យការពារ និងអន្តរាគមន៍ និងកម្លាំងនគរបាលស្រុកអូរជ្រៅបានចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន។
ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង៩៖១០នាទីព្រឹក ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសាលាក្រហម (ភូមិយាងថ្មី) ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី ង៉េង សុជា នាយការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងនាថ្ងៃទី៥ ខែកញ្ញានេះថា ជនសង្ស័យឈ្មោះ ពេត សារ៉ុម ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិសាលាក្រហម (ភូមិយាងថ្មី) ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ជនម្នាក់នេះ ទន្ទឹមនឹងជាមុខសញ្ញាប្រើប្រាស់ និងជួញដូរគ្រឿង គឺជាមុខសញ្ញាឆក់ត្រីយ៉ាងសកម្មផងដែរ។
លោកបន្តថា សមត្ថកិច្ចធ្វើការឆែកឆេរនៅនឹងផ្ទះរបស់ជនសង្ស័យ រកឃើញវត្ថុតាងជាក់ស្តែងមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE ចំនួន២កូនថង់ ទម្ងន់១១.១០ក្រាម, កាំភ្លើងខ្លីជ័រម៉ាកឡុក១ដើម, ទូរស័ព្ទដៃ១គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀន១, ដែកកេះ២, ដាវសាម៉ូរ៉ៃ១ និងសម្ភារសម្រាប់វេចខ្ចប់មួយចំនួនទៀត និងក្រដាស់វេលុយថ្លៃទិញថ្នាំចំនួន២សន្លឹក។
បើតាមចម្លើយសារភាព របស់ជនសង្ស័យ បាននិយាយថា ថ្នាំញៀនទាំងនេះ ទិញមកពីមនុស្សម្នាក់នៅថៃ ក្នុង១ថង់នេះ តម្លៃ៥០ម៉ឺនរៀល។ ចំពោះលុយកាក់ គឺគេវេតាមវីង និងទ្រូម៉ានី រួចយកថ្នាំមកលក់ចែកចាយបន្តក្នុងភូមិ។ ចំពោះសកម្មភាពរបស់គេ ទើបតែជាលើកទី១ទេ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន។
ជនសង្ស័យ ត្រូបានកម្លាំងនគរបាលជំនាញ រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕