(ពោធិ៍សាត់)៖ កំណាត់បន្ទះឈើគ្រញូងមានទម្ងន់ជាង១តោន ដែលក្រុមឈ្មួញខិលខូចដឹកជញ្ជូនតាមរថយន្តបម្រុងនាំទៅលក់នៅប្រទេសវៀតណាម ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងអាវុធហត្ថផ្ទៃប្រទេសបង្ក្រាបបាន។
ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង១២៖៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ត្រី សំ ថា មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា រថយន្តមួយគ្រឿង ម៉ាក Lexus 450 ចង្កូតឆ្វេង ពណ៌សំបកឪឡឹក ដែលបង្ក្រាបបាននោះ មានផ្លុកកំណាត់បន្ទះឈើគ្រញូងសុទ្ធ។ ដោយឡែកអ្នកបើកបរ បានរត់គេចបាត់ស្រមោល។
លោកបានបញ្ជាក់ថា «ក្រោយបង្ក្រាបបាន យើងបានបញ្ជូនរថយន្តនោះមករក្សាទុកបណ្តោះអាសន្ន នៅមូលដ្ឋានអាវុធហត្ថក្រុង ព្រមទាំងបានថ្លឹងនៅនឹងកន្លែង នាព្រឹកមិញនេះ ថាឃើញថា មានផ្ទុកបន្ទះក្រាក់ឈើក្រញូងចំនួន២,៣៦៩កំណាត់ ស្មើនឹង១៤០០គីឡូក្រាម និងស្មើ១,១៦៦ម៉ែត្រគូប»។
លោកវរសេនីយ៍បានបន្តថា «បន្ទាប់ពីវាស់វែង និងថ្លឹងទម្ងន់រួចរាល់ ដោយមានការចូលរួមពីសំណាក់លោកព្រះរាជអាជ្ញារងខេត្ត យើងបានប្រគល់ឲ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ រក្សាទុកចាត់ការតាមនីតិវិធី។ ហើយករណីនេះ ជំនាញនឹងបន្តស្រាវជ្រាវរកជនសង្ស័យមកចាត់ការ»។
ប្រជាពលរដ្ឋ ដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា រថយន្តដ៏ទំនើបតម្លៃខ្ពស់នេះ ជារថយន្តឈ្មួយរកស៉ីដឹកឈើដ៏ចំណាស់ម្នាក់។ ឈ្មួយម្នាក់នេះ មិនដែលមានមន្ត្រីណាហ៊ានចេញមុខបង្ក្រាបទេ ដោយសារខ្លួនមានខ្នងបង្អែកនៅពីក្រោយ។
ប្រជាពលរដ្ឋរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «រថយន្តដឹកឈើនេះ របស់ម្ចាស់មានឈ្មោះ នី ជាមេឈ្មួញរកស៊ីឈើដុះស្លែមួយ តែងតែអាងខ្នងអ្នកធំមើលផ្លូវ។ ចាំមើលថា មន្ត្រីជំនាញ នៅតែបន្តអនុវត្តច្បាប់ ដោយបង្ក្រាបមុខសញ្ញាដុះស្លែបន្តទៀត ឬខ្លាចអ្នកធំនៅពីក្រោយ»៕