(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងបង្គាប់ឱ្យម្ចាស់ ឬនាយកសហគ្រាស និងគ្រឹះស្ថានទាំងឡាយដែលត្រូវការប្រើប្រាស់ហត្ថពលកម្មបរទេស សម្រាប់ឆ្នាំ២០១៩ ត្រូវដាក់សំណើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស (កូតា) ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។

តាមសេចក្ដីជូនដំណឹងដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី០៥ ខែកញ្ញានេះ ក្រសួងការងារក៏បានបង្គាប់ឱ្យម្ចាស់ ឬនាយកសហគ្រាស និងគ្រឹះស្ថានទាំងឡាយដែលប្រើប្រាស់ប្រើប្រាស់ហត្ថពលកម្មបរទេស សម្រាប់ឆ្នាំ២០១៩ ក៏ដូចជាជនបរទេសទាំងឡាយដែលប្រកបមុខរបរក្នុងប្រទេសកម្ពុជា ត្រូវបំពេញបែបបទពន្យារសុពលភាពបណ្ណ ឬសៀវភៅការងារជនបរទេសសម្រាប់ឆ្នាំ២០១៩ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩។

សេចក្ដីជូនដំណឹងបានបន្តថា ការស្នើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស និងការបំពេញបែបបទស្នើសុំធ្វើ និងពន្យារពេលសុពលភាពបណ្ណ ឬសៀវភៅការងារជនបរទេស ត្រូវធ្វើតាមរយៈគេហទំព័រ www.fwems.mlvt.gov.kh។

ក្រៅពីបញ្ជាក់ពីតម្លៃសេវាសាធារណៈ ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ហត្ថពលកម្មបរទេស សេចក្ដីជូនដំណឹងខាងលើ ក៏បានបញ្ជាក់ពីវិធានការច្បាប់ និងការផាកពិន័យផងដែរថា «ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងឡាយ និងជនបរទេសដែលប្រកបមុខរបរណាមួយ ដែលមិនបានអនុវត្តត្រឹមត្រូវតាមសេចក្ដីជូនដំណឹងនេះ ក្រសួងនឹងវិធានការ អនុវត្តការផាកពិន័យតាមទោសប្បញ្ញត្តិដែលមានចែងក្នុងជំពូកទី១៦ នៃច្បាប់ស្ដីពីការងារ»

ក្រសួងការងារក៏បានអំពាវនាវដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងឡាយ និងជនបរទេសទាំងអស់ ចូលរួមអនុវត្តតាមសេចក្ដីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាព៕