Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពត ណែនាំឲ្យមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយស្ថាប័នពន្ធដារ ដើម្បីឱ្យការប្រមូលចំណូលចូលរដ្ឋ មានប្រសិទ្ធភាពខ្ពស់

05-09-2018 15:39

(កំពត)៖ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំបើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី នីតិវីនៃការចុះបញ្ជីពន្ធដារ និងលិខិតបទដ្ឋានគតិយុត្តរបស់ អគ្គនាយកដ្ឋានពន្ធដារ ដែលបានចូលរួមពីសំណាក់ថ្នាក់ដឹកនាំមកពីស្ថាប័ន អង្គភាពពាក់ព័ន្ធនានា អាជ្ញាធរ ចៅសង្កាត់មួយចំនួន និងតំណាងក្រុមហ៊ុនដ៏ទៃនៅសាលាខេត្តកំពត។

ក្នុងកិច្ចប្រជុំនេះ លោកអភិបាលខេត្ត ជាវ តាយ បានស្នើឲ្យមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវតែចូលរួមសហការជាមួយអង្គភាពពន្ធដារ ឱ្យបានកាន់តែជិតស្និទថែមទៀត ដើម្បីធ្វើឱ្យការប្រមូលចំណូលចូលរដ្ឋមានប្រសិទ្ធភាព ហើយក៏ជាការពន្លឿនកិច្ចការអភិវឌ្ឍ ក្នុងខេត្តបានកាន់តែរីកចម្រើនថែមទៀតផងដែរ។ លោកបន្តថា ការបើកកិច្ចប្រជុំនេះឡើង គឺក្នុងគោលបំណងដើម្បីជំរុញ ការចូលរួមកិច្ចសហការពីភាគីពាក់ព័ន្ធទាំងអស់ សម្រាប់ធ្វើឱ្យការប្រមូលចំណូលចូលថវិការដ្ឋ បានកាន់តែមានប្រសិទ្ធភាព។

លោកបានចាត់ទុកកិច្ចប្រជុំនេះពិតជាសំខាន់ចាំបាច់ ព្រោះថា ការដឹកនាំការគ្រប់គ្រងប្រទេសជាតិ ត្រូវតែផ្អែកលើកត្តាសំខាន់បីយ៉ាងគឺ នយោបាយ សន្តិសុខ និងសេដ្ឋកិច្ច ហើយបច្ចុប្បន្នប្រទេសជាតិ កំពុងតែទទួលបាននូវកត្តាបីយ៉ាងខាងលើនេះ ប្រកបដោយមោទនភាពទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅមូលដ្ឋាន ពោលគឺនយោបាយ សន្តិសុខ និងសេដ្ឋកិច្ច មានលក្ខណៈល្អប្រសើរ ប្រកបដោយស្ថេរភាព និងភាពរីកចម្រើនលើគ្រប់វិស័យឈានឡើងជាបន្តបន្ទាប់។

ដោយឡែក វិស័យសេដ្ឋកិច្ចតាមរយៈវិស័យពន្ធដារ ក៏បានដើរតួនាទីសំខាន់ ក្នុងការរួមចំណែកនៃកិច្ចពន្លឿនដំណើរការអភិវឌ្ឍប្រទេសជាតិផងដែរ។ ដោយផ្អែកលើចក្ខុវិស័យរបស់ រដ្ឋបាលខេត្តកំពតសម្រាប់បង្កើនការអភិវឌ្ឍខេត្តឱ្យបានកាន់តែរីកចម្រើន ដើម្បីឆ្លើយតបបានតាមតម្រូវការចាំបាច់របស់ខេត្តក៏ដូចប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត ក៏បានលើកឡើងផងដែរថា បើទោះបីរាជរដ្ឋាភិបាលកាត់បន្ថយចេញនូវប្រភេទពន្ធតូចក្ដី ប៉ុន្តែរាជរដ្ឋាភិបាលក៏បានជំរុញការប្រមូលពន្ធទាំងឡាយណា ជាប់ពន្ធធំឱ្យអស់លទ្ធភាពជាក់ស្ដែង ដោយផ្អែកលើលក្ខណៈច្បាប់បទដ្ឋានជាកំណត់។

លោកអភិបាលខេត្ត ក៏បានណែនាំដល់អង្គភាពសាខាពន្ធដារខេត្ត បើទោះបីស្ថិតនៅក្រោមខ្សែបណ្ដោយរបស់អគ្គនាយកដ្ឋានពន្ធដារ ក៏ពិតមែនប៉ុន្តែអ្វីក៏ត្រូវតែសហការជាមួយ រដ្ឋបាលខេត្តឱ្យបានរឹងមាំជាចាំបាច់ ដូច្នេះរាល់ឯកសារ លិខិតបទដ្ឋានផ្សេងៗពាក់ព័ន្ធវិស័យការងារពន្ធដារ ត្រូវតែធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ សម្រាប់សាធារណជន ក៏ដូចប្រជាពលរដ្ឋ បានស្វែងយល់ និងជ្រួតជ្រាបផងដែរ៕