(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានប្រកាសប្រើកណ្តាប់ដៃដែក លុបបំបាត់ឲ្យអស់ក្រុមញៀនថ្នាំនៅតាមមូលដ្ឋាន ដើម្បីភូមិឃុំមានសុវត្ថិភាព។
ជាមួយគ្នានេះលោកអភិបាលខេត្ត ក៏បានណែនាំដល់លោកមេឃុំ-ចៅសង្កាត់ទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយដល់លោកមេភូមិគ្រប់ភូមិ ត្រូវធ្វើការស្រាវជ្រាវរកមុខសញ្ញាក្រុមញៀនថ្នាំនៅក្នុង មូលដ្ឋានរបស់ខ្លួន ដោយណែនាំឲ្យពួកគេ ទៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន ធ្វើការកែប្រែខ្លួនឡើងវិញ បើមិនដូច្នេះទេ ពេលដែលសមត្ថកិច្ចចាប់ខ្លួនបាន គឺមិនលើកលែងទៀតទេ។
ការប្រកាសបែបនេះ ក្នុងឱកាសដែលលោកភិបាលខេត្តព្រះវិហារ បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅរដ្ឋបាលស្រុកជាំក្សាន្ត។
លោក អ៊ុន ចាន់ដា បានលើកឡើងបញ្ជាក់យ៉ាងដូច្នេះថា «បញ្ហាមួយចំនួនដែលកើតមាននៅតាមមូលដ្ឋានដូចជា ចោរលួច ចោរប្លន់ ក្រុមក្មេងទំនើង..... សុទ្ធតែកើតចេញពីក្រុមញៀនថ្នាំនេះតែម្តង ដូច្នេះដើម្បីលុបបំបាត់អំពើទាំងនេះ យើងត្រូវធ្វើការលុបបំបាត់ក្រុមញៀនថ្នាំនេះ ឲ្យអស់ចេញពីមូលដ្ឋាន»។
លោកបានដាក់ចេញនូវការទប់ស្កាត់ ការគ្រោះថ្នាក់ចរាចរណ៍ដោយតម្រូវឲ្យអនុប្រធាន គណៈកម្មការសុវត្ថិភាពចរាចរផ្លូវគោកខេត្ត លោក សំ លាងទ្រី ត្រូវធ្វើការផ្សព្វផ្សាយអំពីសុវត្ថិភាព ចរាចរណ៍ឲ្យដល់មូលដ្ឋាន និងតាមបណ្តាលអង្គភាពនានា៕