(ភ្នំពេញ)៖ «យើងទាំងអស់គ្នាដឹងហើយថា ការបើកសម្ភោធដាក់ឲ្យដំណើរការ មជ្ឈមណ្ឌលជាតិមហារីកនៅដើមឆ្នាំនេះ គឺជាការរីកចម្រើនមួយផ្នែកទៀត លើវិស័យសុខាភិបាល ក្នុងប្រទេសរបស់យើង ដែលនេះជាមជ្ឈមណ្ឌលមហារីកមួយ បំពាក់ដោយឧបករណ៍ បរិក្ខាពេទ្យ និងបច្ចេកវិទ្យាជឿនលឿនបំផុត ផ្តល់នូវការថែទាំ និងការព្យាបាលជម្ងឺមហារីកកម្រិតស្តង់ដារ ព្រមទាំងដើរតួជាមជ្ឈមណ្ឌល ស្រាវជ្រាវ និងគ្រឹះស្ថានបណ្តុះបណ្តាលនាពេលអនាគត ក្នុងវិស័យជម្ងឺមហារីក»។ នេះជាការថ្លែងបញ្ជាក់របស់លោកសាស្រ្តាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត។
នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកសាស្រ្តាចារ្យ ឈាង រ៉ា បានអញ្ជើញបើកសិក្ខាសាលាវគ្គបណ្តុះបណ្តាលស្តីអំពី «មូលដ្ឋាន នៃការចុះបញ្ជិកាជម្ងឺមហារីក» ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៩ ខែកញ្ញា ដោយមានការចូលរួមពីមិត្តជប៉ុនគឺលោកសាស្រ្តាចារ្យ Tomohiro Matsuda (តូម៉ូហិរ៉ូនម៉ាត់ស៊ូដា) ប្រធានសមាគមអន្តរជាតិ នៃការចុះបញ្ចិកាជម្ងឺមហារីក រួមជាមួយភ្ញៀវជាតិ និងអន្តរជាតិជាច្រើននាក់ទៀត។
លោកសាស្រ្តាចារ្យ ឈាង រ៉ា បានបញ្ជាក់ថា «ការប្រមូលទិន្នន័យមហារីកត្រឹមត្រូវ និងពេញលេញ នឹងត្រូវបានប្រើប្រាស់សម្រាប់គ្រប់គ្រង ស្រាវជ្រាវ រៀបចំផែនការ កម្មវិធីសុខភាពសាធារណៈ និងកែលំអរការថែទាំអ្នកជម្ងឺមហារីក គឺជាផ្នែកដ៏សំខាន់មួយ ដើម្បីសម្រេចគោលដៅទាំងនេះ។ សកម្មភាពនេះ នឹងកាត់បន្ថយបន្ទុកជម្ងឺមហារីកនៅកម្ពុជាយើង»។
លោកថា ដោយមូលហេតុទាំងនេះ បានជម្រុញរូបលោក និងថ្នាក់ដឹកនាំមន្ទីរពេទ្យគាំទ្រការអភិវឌ្ឍន៍កម្មវិធីនេះ ក៏ដូចជាសិក្ខាសាលានៅថ្ងៃនេះ។ ការចំណាយពេលវេលា និងកិច្ចខិតប្រឹងប្រែងដើម្បីវាយតម្លៃពីស្ថានភាព ជម្ងឺមហារីកបច្ចុប្បន្ន ក្នុងប្រទេសកម្ពុជាដោយមានការសហការរួមគ្នាជាដៃគូទាំងក្នុង និងក្រៅប្រទេសដើម្បីសម្រេចបានគោលដៅរបស់យើង។
លោកសាស្រ្តាចារ្យ អគ្គនាយកមន្ទីរពេទ្យ បានថ្លែងទៀតថា «ទស្សនវិស័យរបស់យើង ជាផ្នែកមួយ នៃផែនការយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល គឺបង្កើតឡើងនូវមជ្ឈមណ្ឌលជម្ងឺមហារីកចំនួនពីរទៀត នៅពីរតំបន់ផ្សេងគ្នានៅកម្ពុជា សម្រាប់ឆ្នាំ២០៣៥ ដែលបំពាក់ឧបករណ៍ បរិក្ខា និងបច្ចេកវិទ្យាវេជ្ជសាស្រ្តជឿនលឿនបំផុត។ ដុច្នេះហើយខ្ញុំជឿជាក់ថា ការយល់ដឹងពីការចុះបញ្ចិកាជម្ងឺមហារីក នឹងបង្កើនចំណេះដឹងយ៉ាងទូលំទូលាយ ទាក់ទងនឹងការថែទាំជម្ងឺមហារីកជូនប្រជាពលរដ្ឋទូទាំងប្រទេស»។
ជាមួយគ្នានោះដែរ លោកសាស្រ្តាចារ្យ អ៊ាវ សុខា ប្រធានផ្នែក និងជម្ងឺឈាមនៅមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងថា ជម្ងឺមហារីកដែលដែលកើតភាគច្រើននោះ គឺមានចំនួន៥ ដែលយើងជួបប្រទះជាងគេ នៅប្រទេសកម្ពុជាយើងនេះ។
*ទី១៖ ជម្ងឺមហារីកមាត់ស្បូនទៅលើស្រ្តី
*ទី២៖ ជម្ងឺមហារីនៅលើសុដន់ទៅលើស្រ្តី
*ទី៣៖ ជម្ងឺមហារីថ្លើមទៅលើបុរសដែលកាលពី១០ឆ្នាំ មុននិងជិត២០ឆ្នាំ។ លោកបានធ្វើការស្ថិតិផ្នែកជម្ងឺមហារីកនោះឃើញភាគច្រើន ជម្ងឺមហារីច្រមុះ និងបំពង់កតែឥឡូវ ជម្ងឺមហារីកថ្លើមទៅលើបុរស
*ទី៤៖ នោះជម្ងឺមហារីសួត
*ទី៥៖ ជម្ងឺមហារីក្រពះ និងពោះវៀន។
លោកបន្តថា ដោយយោងតាមការស្រាវជ្រាវនៅប្រទេសកម្ពុជា ភាគច្រើនដែលកើតជម្ងឺមហារីនោះ គឺអាយុចាប់ពី៤៨ឆ្នាំ ទៅ៥១ឆ្នាំ ដែលកើតជម្ងឺនេះខ្ពស់ជាង។ តែអ្វីដែលលោកចង់ជម្រាបប្រាប់បងប្អូនប្រជាពលរដ្ឋនេះ គឺនៅក្នុងប្រទេសកម្ពុជា ក្នុងនាមអ្នកវិទ្យាសាស្រ្ត កំពុងតែធ្វើការស្រាវជ្រាវនោះ យើងសង្កេតឃើញថាដែលធៀប នឹងប្រទេសជិតខាងដូចជា វៀតណាម និងថៃ ប្រទេសកម្ពុជាបានកើតជម្ងឺមហារីកវាក្មេងជាងប្រទេសទាំងពីរនេះ។
លោកបន្តថា អ្នកដែលកើតជម្ងឺនៅប្រទេសកម្ពុជា អាយុតិចជាង៣០ឆ្នាំ មានលើសពី១០% ដែលតួលេខនេះ នៅប្រទេសវៀតណាម និងប្រទេសថៃ មាន៤-៦% ចឹងហើយយើងត្រូវធ្វើការស្រាវជ្រាវ វិទ្យាសាស្រ្តតទៅមុខទៀត ដោយមានកិច្ចសហប្រតិបត្តិការជាមួយមិត្ត នៅក្នុងតំបន់ដូចជាភាគីជប៉ុន និងប្រទេសជិតខាងដដទៃទៀត ដើម្បីស្រាវជ្រាវរកមូលហេតុដើម្បី កាត់បន្ថយជម្ងឺមហារីនាពេលអនាគត៕