(កោះកុង)៖ លោកវេជ្ជបណ្ឌិត ហៃឡៃ ស៊ុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានថ្លែងថា រាល់ការពិនិត្យ និងព្យាបាលជំងឺផ្សេងៗជូនប្រជាពលរដ្ឋទូទៅនៅក្នុងខេត្ត គឺគ្មានការរើសអើង ឬតម្រូវមិនឱ្យបង់តម្លៃសេវាមុននឹងព្យាបាលនោះទេ ហើយក្រុមលោកគ្រូពេទ្យខិតខំព្យាបាលដោយស្មើភាពគ្នា។
លោកបន្តថា តួនាទីក្រមសីលធម៌របស់គ្រូពេទ្យ ចាំបាច់ត្រូវសង្រ្គោះជីវិតមនុស្សជាមុនសិន ទោះបីជាអ្នកជំងឺទាំងនោះនៅក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធយ៉ាងណាក៏ដោយ។
ការថ្លែងរបស់លោកវេជ្ជបណ្ឌិត ហៃ ឡៃស៊ុន បានធ្វើឡើងកាលពីរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ អំពីកិច្ចអនុវត្តពង្រឹងគុណភាពសេវាវិស័យសុខាភិបាលរបស់មន្រ្តីថ្នាក់មូលដ្ឋាន ដើម្បីភាពជឿទុកចិត្តរបស់ប្រជាពលរដ្ឋ តាមអនុសាសន៍របស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងប្រមុខរដ្ឋាភិបាលកម្ពុជា។
លោកវេជ្ជបណ្ឌិត ហៃ ឡៃស៊ុន បានថ្លែងបន្តថា ទន្ទឹមនឹងការប្តេជ្ញាចិត្តពង្រឹងគុណភាពវិស័យសុខាភិបាលថ្នាក់ក្រោមជាតិ ឲ្យល្អប្រសើរឡើង សូមប្រជាពលរដ្ឋ សាច់ញាតិអ្នកជំងឺ និងអ្នកជំងឺដែលមកទទួលសេវាពិនិត្យ និងព្យាបាល។ ករណីបើមានមតិរិះគន់ ដើម្បីស្ថាបនា អាចទាក់ទងតាមប្រព័ន្ធចល័តរបស់មន្ទីរភ្លាមៗ កុំមានការភ័យខ្លាចអ្វីឡើយ។ បើមន្រ្តីពេទ្យ បុគ្គលិកណាម្នាក់ ប្រព្រឹត្តខុសគោលការណ៍ នឹងទទួលពិន័យតាមបែបបទរដ្ឋបាល។
ចំពោះប្រជាពលរដ្ឋដែលជួបគ្រោះថ្នាក់ចរាចរណ៍ និងមានជំងឺ កំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ បានទទួលស្គាល់ថា ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យខេត្តកោះកុង ពិតជាបានយកចិត្តទុកដាក់ពិនិត្យព្យាបាលអាការៈជំងឺរបស់ពួកគាត់ ដោយប្រើពាក្យសមរម្យ និងមិនតម្រូវឱ្យបង់ប្រាក់នោះទេ។ ជាក់ស្តែង ពួកគាត់ក្រីក្រគ្មានប័ណ្ណសមធម៌ទេ គឺគ្រោងនឹងសុំមិនឲ្យមានការបង់ថ្លៃព្យាបាល។
នៅក្នុងអំឡុង៧ខែ ឆ្នាំ២០១៨នេះ មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានទទួលពិនិត្យ និងព្យាបាលអ្នកជំងឺ១៤,០០០នាក់។ ទិន្នន័យនេះ បានកើនឡើងជាង៤០ភាគរយ បើធៀបនឹងឆ្នាំទៅ។
បើតាមប្រធានមន្ទីរពេទ្យខេត្តកោះកុង អ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន៣៤៧៧នាក់, ស្រ្តីសម្រាលកូន៥៧៣នាក់, អ្នកគ្រោះថ្នាក់ចរាចរណ៍៤៣២នាក់, អ្នកជំងឺទឹកនោមផ្អែម១៣១២នាក់, អ្នកជំងឺលើសឈាម៣៤៤២នាក់, អ្នកជំងឺរលាកក្រពះ និងរលាកផ្លូវដង្ហើមជិត១០០០នាក់៕