(ភ្នំពេញ)៖ វីរកីឡាការិនី ខាន់ ចេសា ម្ចាស់មេដាយមាសកីឡាអាស៊ី Asian Games 2018 លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី បានអះអាងថា ខ្លួននឹងដណ្តើមមេដាយមាស ជូនប្រទេសកម្ពុជាបន្ថែមទៀត នៅក្នុងឱកាសចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិធំៗនានា ជាពិសេសកីឡាស៊ីហ្គេម SEA Games លើកទី៣០ នៅហ្វីលីពីន នាឆ្នាំ២០១៩ ក្នុងនាមកីឡាការិនីជឺជិតស៊ូ ជម្រើសជាតិកម្ពុជា។
ខាន់ ចេសា បានអះអាងបែបនេះ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងដំណើរទស្សនកិច្ចនៅសាកលវិទ្យាល័យ AUPP ភ្នំពេញ រួមជាមួយវីរកីឡាករ សាលី អ៊ូមើត ដែលជាម្ចាស់មេដាយមាស នៃព្រឹត្តិការណ៍ Asian Games 2018 រួមនឹងលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជានាយបេសកកម្មពីទីក្រុងហ្សាកាតា។
កីឡាការិនីដែលមានវ័យទើបតែ ១៧ឆ្នាំ ចេសា បានថ្លែងថា «ខ្ញុំមានសង្ឃឹមថានឹងបានចូលរួមក្នុងកម្មវិធីប្រកួតផ្សេងៗទៀត នៅពេលអនាគត តំណាងឲ្យព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការប្តេជ្ញាដណ្តើមយកមេដាយមាស១ទៀតសម្រាប់ប្រទេសយើង»។
នៅក្នុងឱកាសនេះដែរ កីឡាការិនីកូនកាត់ខ្មែរ-អាមេរិករូបនេះ ក៏បានសម្តែងនូវក្តីសប្បាយរីករាយ និងដឹងគុណយ៉ាងខ្លាំង ចំពោះប្រជាពលរដ្ឋកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានគាំទ្រនាង និងកីឡាករផ្សេងទៀត ដែលបានទៅចូលរួមប្រកួតកីឡាអាស៊ី Asian Games នៅឥណ្ឌូនេស៊ី ទាំងកីឡាករ-កីឡាការិនី ដែលទទួលបានមេដាយ និងអ្នកដែលមិនទទួលបានមេដាយសម្រាប់ជាតិផងដែរ។
ជាមួយគ្នានោះដែរ វីរកីឡាករ សាលីត អ៊ូមើត ក៏បានប្តេជ្ញាចិត្តខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីបន្តយកមេដាយមាស ជូនជាតិមាតុភូមិបន្តទៀត ដើម្បីលើកស្ទួយមុខមាត់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិផងដែរ។
សូមរំលឹកផងដែរថា ការប្រកួតកីឡាអាស៊ី Asian Games លើកទី១៨ នៅឥណ្ឌូនេស៊ី បានបិទបញ្ចប់កាលពីល្ងាចថ្ងៃទី០២ ខែកញ្ញាថ្មីៗនេះ ស្របពេលស្ថាប័នកីឡាអន្ដរជាតិ ចលនាអូឡាំពិក និងប្រទេសមួយចំនួន បានចូលរួមអបអរសាទរជាមួយនឹងជោគជ័យកម្ពុជា ក្រោយដណ្ដើមបានមេដាយមាស២ និងសំរឹទ្ធ១ ឈរលេខរៀងទី២៤ ក្នុងចំណោម៤៥ប្រទេស បំបែកឯតទកគ្គកម្មប្រវត្តិសាស្ដ្ររយៈពេល ៦៤ឆ្នាំរបស់ខ្លួនក្នុងព្រឹត្តិការណ៍ប្រចាំទ្វីប ៤ឆ្នាំម្ដងនេះ៕