(ចិន)៖ ប្រទេសចិន និងបណ្តាប្រទេសសមាជិកអាស៊ាន នឹងប្រារព្ធខួប១៥ឆ្នាំ នៃវេទិកានិងគម្រោងសហប្រតិបត្តិការដ៏ជោគជ័យ ក្នុងវិស័យជាច្រើនដូចជាកសិកម្ម វិនិយោគ ដឹកជញ្ជូន និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។
ឆ្នាំនេះ គឺជាខួបទី១៥ឆ្នាំ នៃភាពជាដៃគូផែនការរយៈពេលវែង គ្រប់ជ្រុងជ្រោយ ចិន-អាស៊ាន។ ក្នុងខែកញ្ញានេះ ស្ថាប័ននេះនឹងរៀបចំវេទិកាពិភាក្សាផែនការ រយៈពេលវែងចិន-អាស៊ានលើកទី១១ នៅទីក្រុង ណាននីង ភាគខាងត្បូងប្រទេសចិន។
នៅតំបន់ស្វយត គ័ងស៊ី ជ័ង អ្នកជំនាញផ្នែកកសិកម្មមកពីប្រទេសឡាវ បានមកធ្វើទស្សនៈកិច្ចនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រកសិកម្មគ័ងស៊ី ដើម្បីសិក្សាអំពីជំនាញថ្មីៗ ដែលជាផ្នែកមួយនៃគម្រោងអាស៊ាន-ចិន។ គម្រោងនេះ បាននាំយកអ្នកវិទ្យាសាស្ត្រវ័យក្មេង ដ៏មានទេពកោសល្យ១០០នាក់ ឱ្យមកសិក្សានៅប៉ែកខាងត្បូងនៃប្រទេសចិន។
អ្នកបច្ចេកទេស សាកលវិទ្យាល័យកសិកម្ម គម្រោងអភិវឌ្ឍព្រៃឈើនិងទីជនបទ និយាយថា «នៅស្រុកកំណើតខ្ញុំ ភាគច្រើនគឺគេដាំពោតដែលនាំចូលពីបរទេស។ ខ្ញុំមកទីនេះដើម្បីរៀនសូត្រពីបច្ចេកវិទ្យា និងជំនាញទំនើបៗបន្ថែមខ្លះៗ។ ខ្ញុំសង្ឃឹមថា នឹងអាចលើកស្ទួយដំណាំ ដែលមាននៅស្រុកកំណើតខ្ញុំបាន ទៅថ្ងៃមុខ»។
សាកលវិទ្យាល័យវិទ្យាសាស្ត្រកសិកម្មគ័ងស៊ី បានរៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាលំដាប់អន្តរជាតិជាច្រើន ដើម្បីជំរុញដល់ការចែករំលែកការបង្កើតថ្មីផ្នែកបច្ចេកវិទ្យា។
លោក ថាង ឈីចាន ប្រធានអង្គភាព សហប្រតិបត្តិការអន្តរជាតិ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រកសិកម្មគ័ងស៊ី និយាយថា «អង្គភាពរបស់យើង នឹងបន្តធ្វើសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឱ្យកាន់តែស៊ីជម្រៅ ជាមួយអាស៊ាន និងបង្កើនភាពល្បីល្បាញរបស់យើងលើការងារសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅបរទេស»។
ចិន និងប្រទេសសមាជិកអាស៊ាន បានបង្កើតយន្តការសហប្រតិបត្តិការ បច្ចេកវិទ្យានិងផ្ទេរទ្វេភាគីជាច្រើន។ សម្រាប់វិស័យកសិកម្ម និងវិស័យព័ត៌មានអេឡិចត្រូនិច គម្រោងសរុបចំនួន១៧៥ ត្រូវបានចុះកិច្ចព្រមព្រៀង ឬ កំពុងរៀបផែនការចុះកិច្ចព្រមព្រៀង។ ហើយសហប្រតិបត្តិការមានទំហំទឹកប្រាក់ សរុបជាង៥០០លានដុល្លារអាមេរិក។
ភាពជាដៃគូនេះ ក៏បានជួយឱ្យសេវាហិរញ្ញវត្ថុរបស់ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិច រីកចម្រើន ទូទាំងតំបន់ផងដែរ។
អ្នកនាង វ័យ សៀវវ័យ អ្នកត្រួតពិនិត្យ ក្រុមការងារជួញដូរប្រាក់ឆ្លងប្រទេសនិងប្រាក់បរទេស នៃអង្គភាពពាណិជ្ជកម្មនិងហិរញ្ញវត្ថុ នៃធនាគារចិន សាខាតំបន់គ័ងស៊ី បាននិយាយថា «ចាប់ពីពេលសម្ពោធគម្រោងសាកល្បង ជួញដូរប្រាក់យ័នឆ្លងប្រទេសមក អាជីវកម្មដែលប្រើប្រាក់យ័នឆ្លងប្រទេស មានចំនួនស្មើនឹងជិត៤៤ពាន់លានដុល្លារអាមេរិកទៅហើយ។ គឺស្មើនឹង១ភាគ៣នៃទីផ្សារសរុប។ អាជីវកម្មដែលប្រើប្រាក់យ័នឆ្លងប្រទេសជាមួយ បណ្តាប្រទេសអាស៊ាន មានរហូតដល់ទៅ៨០ភាគរយឯណោះ”។
ជាង១៥ឆ្នាំកន្លងមកនេះ ចិននិងប្រទេសជាសមាជិកអាស៊ាន បានរួមគ្នារៀបចំវេទិកានិងសិក្ខាសាលាសរុបចំនួន២០៦លើក អំពីជាង៤០វិស័យ។ នៅឆ្នាំនេះ សន្និសិតកម្រិតខ្ពស់នេះមានគោលដៅ ចង់បន្តជំរុញឱ្យមានសហប្រតិបត្តិការ លើគ្រប់វិស័យនិងគ្រប់កម្រិតតែម្តង៕ (សារព័ត៌មាន CCTV របស់ចិន)