(ភ្នំពេញ)៖ លោកបណ្ឌិត ឈួន ចាន់ថន សាកលវិទ្យាធិការសាកលវិទ្យាល័យ អាយអាស៊ី នៃបច្ចេកវិទ្យា បានផ្ដល់ដំបូន្មាន៤ចំណុចសំខាន់ៗ ទៅដល់សិស្សនិស្សិត ដែលមានបំណងចង់បន្ដការសិក្សាទៅតាមបណ្ដាប្រទេសមួយចំនួន ជាពិសេសប្រទេសចិន។

ការលើកឡើងបែបនេះ របស់លោកបណ្ឌិតធ្វើឡើង ក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងសន្និសីទសារព័ត៌មានស្ដីពី ការសហការគ្នារវាងសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា និងសាកលវិទ្យាល័យ កាវស៊ុង នៃវិទ្យាសាស្រ្ដ និងបច្ចេកវិទ្យា របស់តៃវ៉ាន់ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨។

លោកបណ្ឌិត ឈួន ចាន់ថន បានថ្លែងឲ្យដឹងថា ៤ចំណុចដែលសិស្សនិស្សិតគួរត្រៀមខ្លួនរួមមាន៖

១៖ ត្រូវចេះភាសាចិន។

២៖ ត្រូវចេះភាសាអង់គ្លេស មានន័យថា ប្រសិនបើសិស្សនិស្សទាំងអស់នេះ មិនទាន់ចេះច្បាស់ភាសាចិនទេ គួរតែចេះភាសាអង់គ្លេស ឲ្យបានល្អប្រសើរព្រោះថា ចេះភាសាអង់គ្លេសមានភាពងាយស្រួល ​ទាំងការរស់នៅ និងការសិក្សា។
៣៖ ត្រូវមានសីលធម៌ និស្សិតគ្រប់រូបត្រូវមានសីលធម៌ ក្នុងការរស់នៅ ព្រោះចំណុចនេះពិតជាមានសារសំខាន់ ខ្លាំងណាស់។
៤៖ ជំនាញ និស្សិតគ្រប់រូបត្រូវសិក្សាឲ្យចេះចាំពិតប្រាកដ ដោយមិនគ្រាន់តែរៀនចេះតែភាសា តែមិនចេះជំនាញនោះឡើយ។

លោកបណ្ឌិត បានថ្លែងបន្ដទៀតថា ឥឡូវនេះកាន់តែងាយស្រួលបំផុត សម្រាប់និស្សិតកម្ពុជាដោយពុំចាំបាច់​ទៅសិក្សាដល់ក្នុងប្រទេសចិននោះឡើយព្រោះថា សាកលវិទ្យាល័យ អាយអាយស៊ី បានសហការជាមួយ សាកវិទ្យាល័យកាវស៊ុងនៃវិទ្យាសាស្រ្ដ និងបច្ចេកវិទ្យា បញ្ចូលនូវកម្មវិធីសិក្សាលំដាប់ខ្នាតអន្ដរជាតិ។

លោកបានបន្ដទៀតថា ក្នុងឆ្នាំនេះសាកលវិទ្យាល័យទាំង២ សម្រេចបើកកម្មវិធី សិក្សាភាសាអគ្លេសសុទ្ធ ដែលមានស្ដង់ដារខ្ពស់ និងដំណើរការសិក្សានៅក្នុងសាកលវិទ្យាល័យ អាយអាយស៊ី នៅកម្ពុជា។​

សូមជម្រាបថា សាកវិទ្យាល័យកាវស៊ុងនៃវិទ្យាសាស្រ្ដ និងបច្ចេកវិទ្យា ជាសាកលវិទ្យាល័យធំបំផុត នៅតៃវ៉ាន់ ដែលមាននិស្សិតសិក្សាសរុបប្រមាណជាង២ម៉ឺននាក់ មានសាស្រ្ដចារ្យបង្រៀន៨រយនាក់ មាន១៣វិទ្យាល័យ និងអាគារសិក្សាចំនួន៥៕