(កំពង់ធំ)៖ ដោយមិនគិតពីការនឿយហត់ ក្នុងការបម្រើដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក៏ដូចជាពីការគិតគូរអំពី សន្តិសុខ សុវត្ថិភាពរបស់បងប្អូន, លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឧបត្ថម្ភឯកសណ្ឋានប្រជាការពារចំនួន២០សម្រាប់ និងវិទ្យុទាក់ទងដៃចំនួន៨គ្រឿងបន្ថែមទៀត ជូនប្រជាការពារចំនួន០២ភូមិ នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ទុកគ្រាន់បងប្អូនបានធ្វើការផ្លាស់ប្តូរ ក្នុងពេលបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរៀងៗខ្លួន ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន អមដំណើរដោយថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ, លោកអធិការរងនគរបាលស្រុកស្ទោង ,នគរបាលរដ្ឋបាលប៉ុស្តិ៍ឃុំបន្ទាយស្ទោង, អាជ្ញាធរ ភូមិ-ឃុំ និងសហការី អញ្ជើញទៅបំពាក់ឯកសណ្ឋានប្រជាការពារ និងវិទ្យុទាក់ទងដៃ ហើយពិធីនេះស្ថិតនៅវត្តពោធិរោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានប្រជាការពារចំនួន០២ភូមិ ចំនួន២០នាក់ គឺភូមិកុកគ្រួសចំនួន០៨នាក់ និងភូមិស្លាករ ចំនួន១២ នាក់ ត្រូវបានបំពាក់ឯកសណ្ឋានជូន ជាលើកទី២ និងបានប្រគល់វិទ្យុទាក់ទងចំនួន០៨គ្រឿង សម្រាប់បំពេញភារកិច្ចបម្រើប្រជាជននៅក្នុងមូលដ្ឋានរបស់ខ្លួន ស្របតាមគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច។
ក្នុងឱកាសនេះដែរ បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានធ្វើការផ្សព្វផ្សាយ គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច អំពីតួនាទីភារកិច្ច និងសិទ្ធរបស់ប្រជាការពាររួចរាល់ លោកក៏បានគោរពថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានអញ្ជើញទៅបោះឆ្នោត បានច្រើនកុះករ ហើយបោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន ឲ្យបន្តដឹកនាំប្រទេសជាតិ រក្សាបានសន្តិភាព និងការអភិវឌ្ឍ ប្រទេសជាតិបន្តទៀត។ មានសម្តេចតេជោ ហ៊ុន សែន គឺមានសន្តិភាព និងការអភិវឌ្ឍ៕