(កំពង់ធំ)៖ ដើម្បីចូលរួមទប់ស្កាត់ផលប៉ះពាល់ ដល់សុខភាពអ្នកប្រើតាមរយៈ ចំណីអាហារនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារបានបន្តចុះពិនិត្យ ផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារនៅផ្សារក្រវ៉ា ស្ថិតក្នុងឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានថ្លែងថា បន្ទាប់ពីបានពិនិត្យដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួន ដែលកំពុងដាក់តាំងលក់នៅក្នុងផ្សារក្រវ៉ារួចមក ជាលទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមានសារធាតុគីមី ហាមឃាត់នៅក្នុងផលិតផល ម្ហូបអាហារទាំងនោះឡើយ។ ចំពោះការពិនិត្យមើលលើ ផលិតផលគ្រឿងកំប៉ុង ដប និងផលិតផលវិចខ្ចប់រួច ក្រុមការងារក៏រកមិនឃើញផលិតផលណាមួយខូចគុណភាព ឬហួសកាលបរិច្ឆេទដែរ។
មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងបន្តថា នេះជាការយកចិត្តទុកដាក់របស់អាជីវករ ក៏ដូចជាប្រជាពលរដ្ឋ ដែលមានការយល់ដឹងខ្ពស់ពីសុវត្ថិភាពម្ហូបអាហារ។
ទន្ទឹមនឹងការចុះត្រួតពិនិត្យគុណភាពទំនិញ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងណែនាំដល់ អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីរបៀប នៃការដាក់ តាំងលក់ផលិតផល ចំណីអាហារឲ្យនៅដាច់ពីគ្នា ពីថ្នាំសម្លាប់សត្វល្អិត និងកសិកម្មនិងរបៀប នៃការជ្រើសរើសផលិតផលម្ហូប អាហារ មានសុវត្ថិភាព ដល់ការបរិភោគជាដើម។
មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំ ក៏បានធ្វើការណែនាំ ដល់អាជីវករលក់ដូរទាំងអស់ អំពីអនាម័យ និងរបៀបដាក់តាំងលក់ទំនិញឲ្យបានត្រឹមត្រូវ ស្របទៅតាមយថា ប្រភេទនៃទំនិញនីមួយៗ ដើម្បីបញ្ជៀសនូវការឆ្លងបាត់តេរីផ្សេងៗផងដែរ និងបានសំណូមពរដល់អាជីវករនៅក្នុងផ្សារ ក្រវ៉ា និងតាមបណ្តាផ្ទះលក់ទំនិញទាំងអស់ឲ្យជួយត្រួតពិនិត្យទំនិញដោយខ្លួនឯង ចំពោះការបរិច្ឆេទនៃ ទំនិញ និងហាមដាក់តាំងលក់ទំនិញ ដែលហួសកាលបរិច្ឆេទ ប្រើប្រាស់នេះផងដែរ។
គេសង្កេតឃើញថា ក្នុងប្រតិបត្តិការខាងលើនេះ គឺបងប្អូនប្រជាពលរដ្ឋ ក៏ដូចជា អាជីវករផ្សារ បានសម្តែងនៅទឹកចិត្តរីករាយ នឹងគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូលដែលតែង តែចុះពិនិត្យទំនិញផ្សេងៗ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាព របស់ពួកគាត់ផងដែរ៕