(ភ្នំពេញ)៖ តំណាងរាស្ដ្រទាំង១២៥រូប សម្រាប់នីតិកាលទី៦ ដែលទើបនឹងត្រូវរដ្ឋសភាផ្តល់សុពលភាពក្នុងកិច្ចប្រជុំលើកទី១ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ នឹងចូលសច្ចាប្រណិធាននៅវេលាម៉ោង៤រសៀល ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ក្នុងព្រះបរមរាជវាំង។
មុនធ្វើដំណើរទៅកាន់ព្រះបរមរាជវាំង តំណាងរាស្ដ្រទាំង១២៥រូប នឹងអញ្ជើញមកជួបជុំគ្នានៅវិមានរដ្ឋសភា វេលាម៉ោង០២៖៣០នាទី ដើម្បីធ្វើដំណើរតាមរថយន្ដរួម។
ពិធីសច្ចាប្រណិធាន នឹងធ្វើឡើងក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រមទាំងសម្តេចព្រះមហាសង្ឃរាជធិបតីទាំងពីរគណៈ។ ក្នុងនោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នឹងអានខ្លឹមសារសច្ចាប្រណិធាន ហើយសមាជិករដ្ឋសភានីតិកាលទី៦ នឹងត្រូវប្រតិបត្តិសូត្រតាម។ នៅពេលសូត្រសច្ចាប្រណិធានចប់ បារគូបន្លឺស័ង្ខជ័យ ក្រោយមកសមាជិក សមាជិកា នៃរដ្ឋសភានីតិកាលទី៦ អញ្ជើញទទួលទានទឹកពិភ័ទ្ទសច្ចា។
សម្រាប់គ្រឿងទ្រង់-សម្លៀកបំពាក់ក្នុងព្រះរាជពិធីសច្ចាប្រណិធាននេះ គឺព្រះករុណានឹងព្រះពស្ត្រចងក្បិនពណ៌តាមថ្ងៃព្រះភូសា កុតពណ៌ស។ រីឯសមាជិការដ្ឋសភា (ស្ត្រី) អាវប៉ាក់ពណ៌ស-សំពត់ចងក្បិនពណ៌ស៊ីលៀប-ក្រមាពានាពណ៌ស៊ីនួនខ្លី។ រីឯសមាជិករដ្ឋសភា (បុរស) អាវកុតពណ៌ស-សំពត់ចងក្បិនពណ៌ស៊ីលៀប-ស្រោមជើងវែងខ្មៅ និងស្បែកជើងពណ៌ខ្មៅ។
បន្ទាប់ពីធ្វើពិធីសច្ចាប្រណិធានរួចរាល់ហើយនោះ តំណាងរាស្ត្រទាំង ១២៥រូប នឹងចាប់ផ្តើមដំណើរការរបស់ខ្លួននៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ស្អែកនេះ ដោយនឹងមានការជ្រើសរើសប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការទាំង១០ និងការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តចំពោះក្បាលម៉ាស៊ីនដឹកនាំរាជរដ្ឋាភិបាលផងដែរ។
សូមជម្រាបថា នៅព្រឹកមិញនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គយាងជាព្រះរាជាធិបតី ក្នុងពិធីបើកសម័យប្រជុំលើកដំបូង នៃរដ្ឋសភា នីតិកាលទី៦ ជាមួយនឹងការបង្ហាញវត្តមានតំណាងរាស្ត្រជាប់ឆ្នោតទាំង១២៥រូប។ ការបើកសម័យប្រជុំលើកដំបូងនេះ ក៏មានការអញ្ជើញចូលរួមពីឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតបណ្តាប្រទេសនានាប្រចាំនៅកម្ពុជាផងដែរ។
បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងរួចរាល់ ពិធីបើកសម័យប្រជុំលើកទី១ ក៏បានចាប់ផ្តើមការងាររបស់ខ្លួនផងដែរ ក្រោមអធិបតីភាពលោក ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បីសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងការអនុម័តបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភានីតិកាលទី៦៕