(សៀមរាប)៖ ក្រោយពីបញ្ចប់ការជួសជុលច្រាំងកសិន្ធុអង្គរវត្ត នាជ្រុងខាងលិចស្លាបខាងជើងដែលមានប្រវែង ៤០ម៉ែត្រ កាលពីចុងឆ្នាំ២០១៧ រួចរាល់ជាស្ថាពរហើយ នៅក្នុងឆ្នាំ២០១៨នេះ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ក៏កំពុងបន្តជួសជុលបន្ថែមទៀតនូវច្រាំងកសិន្ធុអង្គរវត្ត ជ្រុងខាងលិចស្លាបខាងជើងដដែលនេះ ដែលមានប្រវែង២០ម៉ែត្រ។
ជាមួយនឹងការងារជួសជុលនេះ លោកស្រី នង បូរ៉ាវី បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការរបស់អាជ្ញាធរជាតិអប្សរា ដែលបានចូលរួមក្នុងដំណើរការខាងលើ ក៏បានរៀបរាប់ពីអាថ៌កំបាំងមួយចំនួន នៃការកសាងច្រាំងកសិន្ធុរបស់បុព្វបរសខ្មែរសម័យអង្គរ និងបានរៀបរាប់ពីបច្ចេកទេសបែបបុរាណ និងបែបថ្មីក្នុងការជួសជុលច្រាំងកសិន្ធុ នៃប្រាសាទអង្គរវត្តនេះផងដែរ។
លោកស្រី នង បូរ៉ាវី បានឱ្យដឹងថា ច្រាំងកសិន្ធុប្រវែង ៤០ម៉ែត្រ ដែលជួសជុលរួច គឺចំណាយរយៈពេល ៤ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០១៣-២០១៧។ ក្នុងចំណោម ៤០ម៉ែត្រ នេះដែរ គឺមានប្រវែង ២០ម៉ែត្រ ដំបូងធ្លាប់បានជួសជុលដោយបារាំងម្តងហើយ នាទស្សវត្សរ៍ទី៦០ ដែលដឹងបានតាមរយៈការមើលឃើញដោយផ្ទាល់ និងកាន់តែច្បាស់ពេលបើករណ្តៅកំណាយស្រាវជ្រាវមុនធ្វើការជួសជុល។ ក្រោយការបញ្ចប់គម្រោង ៤០ម៉ែត្រ ដោយជោគជ័យ ក្រុមការងារក៏បានបន្តគម្រោងជួសជុល ២០ម៉ែត្រ បន្ថែមនៅឆ្នាំ២០១៨។
លោកស្រីបន្តទៀតថា ចំពោះបច្ចេកទេសជួសជុលបន្ទាប់ពីកំណាយស្រាវជ្រាវ គេបានដឹងថា បុព្វបុរសកសាងច្រាំងកសិន្ធុដោយបុកដីបង្ហាប់បាតគ្រឹះក្រោម ដូច្នេះដើម្បីរក្សាតម្លៃនៃបេតិកភណ្ឌវប្បធម៌ អាជ្ញាធរជាតិអប្សរា បានជ្រើសយកបច្ចេកទេសបុរាណមកអនុវត្ត ដោយកាយយកដីចាស់ ដីស្អុយចេញ ហើយជំនួសដោយដីថ្មី ហើយបុកបង្ហាប់គ្រឹះក្រោមឱ្យមាំជាមួយថ្មភ្នំ ថ្មក្រលៀន ដីខ្សាច់ និងល្បាយដីដែលបានពីកម្ទេចថ្មបាយក្រៀម ដីឥដ្ឋ កំបោរស។ ចំពោះគ្រឹះគេបានពង្រីកទំហំគ្រឹះចាស់ ៨០-២០សង់ទីម៉ែត្រ ហើយជម្រៅគ្រឹះទៅក្រោម ៣០-៨០សង់ទីម៉ែត្រ ធ្វើយ៉ាងណាឱ្យកាំជណ្ដើរនៃកសិន្ធុរឹងមាំបានល្អ។
ក្រៅពីពង្រឹងគ្រឹះហើយ គេក៏បានពង្រឹងរចនាសម្ពន្ធច្រាំងកសិន្ធុ ដោយប្រើថ្មបាយក្រៀមចាស់ដែលមានស្រាប់ និងថ្មបាយក្រៀមថ្មីជំនួសថ្មដែលពុកផុយ មករៀបជាជណ្តើរចំនួន ៨កាំ ដោយដាក់ឆ្លាស់គ្នា និងដាប់ចុះក្រោម ១សង់ទីម៉ែត្រ សម្រាប់ប្រទាក់គ្នាពីមួយទៅមួយក្នុងការរក្សាលំនឹងឱ្យបានល្អមិនឱ្យថ្មរអិល ហើយបិទភ្ជាប់ថ្មពីមួយទៅមួយដោយបាយអររាវ ដើម្បីការពារជម្រាបទឹកចូលក្នុងថ្ម ធ្វើឱ្យថ្មឆាប់ពុកផុយ។ រីឯថ្មភក់ដែលរៀបនៅផ្នែកខាងលើថ្មបាយក្រៀមក៏រៀបទៅតាមលំនាំដើម ដោយប្រើថ្មដែលមានស្រាប់និងថ្មីជំនួសថ្មីដែលមិនអាចទ្រទម្ងន់បានទៀត ហើយបិទភ្ជាប់ថ្មដោយបាយអម្សៅ ដើម្បីភ្ជិតស្នាមមិនឱ្យទឹកចូលក្នុងថ្មធ្វើឱ្យថ្មឆាប់ខូច។
លោកស្រី បូរ៉ាវី ក៏បានបញ្ជាក់ពីមូលហេតុសំខាន់ៗ ដែលធ្វើឱ្យរចនាសម្ពន្ធសំណង់កសិន្ធុអង្គរវត្ត ផ្នែកខាងលិចស្លាបខាងជើងរងនូវការខូចខាតយ៉ាងខ្លាំង គឺដោយសារអាយុកាលនៃសំណង់ កង្វះការថែទាំជាប្រចាំ ការឡើងចុះនៃកម្ពស់ទឹកមិនទៀងទាត់បានបំផ្លាញគ្រឹះក្រោម រួមទាំងការពុកផុយនៃស្រទាប់ថ្មបាយក្រៀមខាងក្រោម ដើមឈើធំៗដុះក្បែរច្រាំងបានចាក់ឫសជ្រែកទៅក្នុងថ្ម ធ្វើឱ្យថ្មរំកិលពីទីតាំងដើម នាំឱ្យច្រាំងកសិន្ធុរលំ។
បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិរក្ស និងជួសជុលទាំងប្រាសាទ និងកសិន្ធុ ដើម្បីអភិរក្សសំណង់បុរាណ ដែលជានិមិត្តរូបនៃជាតិខ្មែរឱ្យរឹងមាំយូរអង្វែង និងលើកតម្លៃសោភ័ណភាពសំណង់បេតិកភណ្ឌ ឱ្យមានភាពស្រស់ស្អាតជាទីទាក់ទាញទេសចរ។
បន្ថែមពីនោះ ការបណ្តុះធនធានមនុស្ស ក៏ជាផ្នែកសំខាន់ដែលអាជ្ញាធរជាតិអប្សរាគិតគូរយ៉ាងខ្លាំង ដើម្បីបង្កើនស្នាដៃក្នុងនាមជារបស់ខ្លួន ដោយមិនពឹងលើកិច្ចសហប្រតិបត្តិការអន្តរជាតិច្រើនដូចមុន៕