ប្រជាពលរដ្ឋជាង៨០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានទទួលអំណោយពីអាជ្ញាធរ
05-09-2018 12:00
(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន និងលោកស្រី នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយរបស់អង្គការ មូលនិធិពុទ្ធសាសនា ឆឺ ជី ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ ចំនួន៨១៩គ្រួសារ នៅឃុំព្រែកកក់ និងឃុំព្រែកបាក់ ក្នុងស្រុកស្ទឹងត្រង់។
ក្នុងពិធីនោះ ក៏មានការចូលរួមពី លោក កៅ សុខអាន, លោក ហេង វ៉ាន់នី អភិបាលរងខេត្ត, លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត, លោកអភិបាល-អភិបាលរងស្រុកស្ទឹងត្រង់, អស់លោក-លោកស្រីប្រធាន-អនុប្រធានមន្ទីរ, ប្រធានអង្គការមូលនិធិពុទ្ធសាសនា ឆឺ ជី និងសហការី, តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំខេត្តកំពង់ចាម, តំណាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ និងមន្ត្រីរាជការជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះលោក គួច ចំរើន បាននាំការសួរសុខទុក្ខរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយស្នើដល់អាជ្ញាធរ ត្រូវតែជួយសង្គ្រោះពលរដ្ឋ គ្រប់ពេលវេលា ដោយមិនប្រកាន់ពូជសាសន៍ សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ គឺដើម្បីជួយសម្រាលរាល់ទុក្ខលំបាករបស់ពួកគាត់ ឲ្យទាន់ពេលវេលា។
លោកអភិបាលខេត្តកំពង់ចាម បានលើកឡើងបន្ថែមទៀតថា ការចែកអំណោយនៅពេលនេះ ដើម្បីចូលរួមចំណែកដោះស្រាយជីវភាពរបស់បងប្អូន បានមួយកំរិត សំដៅការអភិវឌ្ឍន៍ រួមចំណែកលើកកម្ពស់ជីវភាព របស់បងប្អូនឲ្យកាន់តែល្អថែមទៀត បើទោះបីសម្ភារ និងថវិកាទាំងនេះ មិនបានបំពេញតាមតំរូវការរបស់បងប្អូនក៏ពិតមែន ក៏អាចដោះស្រាយបានមួយកំរិតផងដែរ។
លោកក៏បានផ្តាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារដោយរដូវនេះ ដែលងាយបង្កគ្រោះថ្នាក់ ហើយបើបងប្អូនមានកើតបញ្ហាអ្វីកើតឡើង ក្នុងគ្រួសារត្រូវរាយការណ៍អាជ្ញាធរមូលដ្ឋាន ដែលនៅជិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីឱ្យក្រុមការងារចុះជួយដល់បងប្អូនឆាប់រហ័ស និងទាន់ពេលវេលា៕