(កោះកុង)៖ ដីមានហាងឆេងខ្ពស់ធ្វើឲ្យជនល្មើសមួយចំនួន គិតផលប្រយោជន៍ដោយមិនគិតពីការអភិរក្សព្រៃធម្មជាតិ ដែលជាដែនជម្រកសត្វព្រៃនោះទេ បែរជានាំគ្នាកាប់បំផ្លាញ ទន្រ្ទានយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទៅវិញ។
រដ្ឋបាលស្រុកបូទុកសាគរ ខេត្តកោះកុង កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា នៅភូមិអណ្តូងទឹក ឃុំអណ្តីងទឹក មន្រ្តីបានចុះពិនិត្យទីតាំងការកាប់ទន្រ្ទានដីព្រៃនៅចំណុចកោះចាក ប្រមាណ៤៥ហិកតា ក្រោមការដឹកនាំរបស់លោក ម៉ាស សុជា អភិបាលរងស្រុក និងជាប្រធានក្រុមការងារ ព្រមទាំងមានការចូលរួមអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ និងមន្រ្តីបរិស្ថានសរុបចំនួន១៤នាក់។
ការចុះបង្រ្កាប នៃការទន្ទ្រានដីព្រៃលិចទឹកនេះ លោក ម៉ម ផល្លា ប្រធានមន្ទីរបរិស្ថាន បានឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មានមានការកាប់ទន្រ្ទានព្រៃលិចទឹក ដែលជាដែនជំរកសត្វ និងមច្ឆាជាតិភ្លាម មន្ត្រីបរិស្ថាន បានសហការជាមួយអាជ្ញាធរចុះបង្រ្កាបតែម្តង ហើយធ្វើការស្រាវជ្រាវឃាត់ខ្លួនបានម្នាក់ រួចកសាងសំណុំរឿងបញ្ជូន ទៅតុលាការដើម្បីវិនិច្ឆ័យទៅតាមផ្លូវច្បាប់។
លោក អន វិរៈ អភិបាលរងខេត្តកោះកុង បាននិយាយយ៉ាងខ្លីថា ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួចបញ្ជូនទៅតុលាការ ហើយដីដែលជនសង្ស័យកាប់ទន្ទ្រានយកនោះ ត្រូវរឹបអូសទុកជាសម្បត្តិរដ្ឋវិញ។
ប្រជាពលរដ្ឋបាននិយាយថា បើខ្មោចស្រុកមិនបើកដៃ ខ្មោចព្រៃមិនហ៑ានដែរ។ បើមិនមានភ្លើងខៀវ ពីអ្នកមានលុយ ឬអ្នកអំណាចក៏ជនល្មើសទាំងនោះមិនហ៊ានដែរ ហើយការកាប់ទន្រ្ទានក៏មិនមែន១អាទិត្យបានសម្រេចរហូត៤៥ហិកតាដែរ។
បើតាមប្រជាពលរដ្ឋ តាំងពីដីមានហាងឆេងខ្ពស់មក ការកាប់ទន្រ្ទានយកដីព្រៃរបស់ហាក់បីដូចជា មានច្រើនទីតាំងផងដែរ ហើយការកាប់ទន្រ្ទានដីព្រៃជារបស់រដ្ឋនេះ បើមិនមានអ្នកនៅពីក្រោយខ្នង ក៏ប្រជាពលរដ្ឋធម្មតាមិនហ៑ានដែរ គឺត្រូវប្រឈមនឹងច្បាប់៕