(បាត់ដំបង)៖ នគរបាលខេត្តបាត់ដំបងចាប់បញ្ជូនខ្លួនជនសង្ស័យចំនួន៣នាក់ ទៅតុលាការដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីបានជិះម៉ូតូឆក់កាបូបជនបរទេស ដោយចាប់ខ្លួនបានកាលពីវេលាម៉ោង ៥៖១០នាទីល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិសូភី១ សង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង។
លោក ឈឿង គឹមសុង នាយរងការិយាល័យកំរិតស្រាល និងជាប្រធានក្រុមអន្តរាគមន៍បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា បន្ទាប់ពីបក្ខពួកជនសង្ស័យ បានធ្វើសកម្មភាពឆក់កាបូបជនបរទេសរួចមក ដោយអនុវត្តន៍តាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជា លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលទទួលបន្ទុកផែនព្រហ្មទណ្ឌ ក្រោមការសម្របសម្រួលលើនិតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងនោះ សមត្ថកិច្ចបានចុះស្រាវជ្រាវឈាន ដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ នាំយកមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរ។
លោកបានបញ្ជាក់ទៀតថា ក្នុងប្រតិបត្តិការបង្រ្កាបនោះ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖
*ទី១៖ ឈ្មោះ គំនិត ថាដានូ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង
*២- ឈ្មោះ ហឿត រី ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិសំរោងក្នុង ឃុំសំរោងតាកុកស្រុកឯកភ្នំខេត្តបាត់ដំបង
*៣- ឈ្មោះ សំ រី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិសូភី១ សង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង។
ជនសង្ស័យទាំង៣នាក់ ជាប់ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ពីជនរងគ្រោះឈ្មោះ ឡា ណាអាន់ ភេទស្រី អាយុ៣៥ឆ្នាំ មកពីប្រទេសអូស្ត្រាលី នៅចំណុចភូមិសូភី១ សង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង នៅវេលាម៉ោងប្រហែល៣៖០០នាទីកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ រួចគេចខ្លួនបាត់។
លោកបានបន្តថា ក្រោយការឃាត់ខ្លួនបានសមត្ថកិច្ច បានរឹបអូសវត្ថុតាងមានម៉ូតូម៉ាកហុងដា CLICK ពណ៌ស ស៊េរីឆ្នាំ២០១៩ លេខតួ-ម៉ាស៊ីន 5570553។ បច្ចុប្បន្នជនសង្ស័យទាំង០៣ នាក់រួមទាំងវត្ថុតាងខាងលើ មន្រ្តីការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕