(កំពង់ធំ)៖ វាលស្រូវក្រហមប្រឿងៗលាតសន្ធឹកល្វឹងល្វើយ ឯនាយខាងកើតបឹងទន្លេសាប រសៀលជ្រាលជ្រេពន្លឺព្រះសុរិយាជះក្រហមច្រាល់ចាំងភ្នែកពីបស្ចិមទិស ស្នូរសន្ធឹកគោយន្តលាន់ឮនៅតាមដងអូរបន្ទាយចាស់ ឰដ៏ភូមិកំពង់ប្រដំ ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ សំណើចក្អាកក្អាយរបស់ប្រជាកសិករសាយកងរំពងពេញផ្ទៃវេហា។
បន្តដំណើរទៅជិតបន្តិច គេឃើញសកម្មភាពដ៏មមាញឹករបស់ប្រជាកសិករ ដែលកំពុងជញ្ជូនស្រូវឡើងពីកាណូតទៅដាក់លើគោយន្ត និងបន្តដឹកជញ្ជូនទៅកាន់ភូមិដ្ឋានរៀងៗខ្លួន។
ទិដ្ឋភាពដ៏អ៊ូអរនេះ បានញ៉ាំងអ្នកកាសែតវ័យក្មេងម្នាក់ដែលមានស្រុកកំណើតនៅភូមិខាងលើ លើកទូរស័ព្ទដៃឡើងដើម្បីផ្ដិតយករូបភាព ក៏ដូចជាបើកកកាយសួរនាំប្រជាកសិករនូវព័ត៌មានពាក់ព័ន្ធមួយចំនួន។
កំពុងញាប់ដៃញាប់ជើងលីបាវស្រូវពីកាណូតឡើងទៅដាក់លើគោយន្ត នៅក្បែរមាត់អូរបន្ទាយចាស់នោះ លោក ហ៊ល គឹមដេន បានឱ្យដឹងថា ស្រូវដែលច្រកក្នុងបាវនោះមានទម្ងន់ជាមធ្យម ៧០គីឡូក្រាម ហើយមួយគោយន្តដឹកបានពី ១៨-២០បាវ ដែលស្រូវទាំងនោះសុទ្ធសឹងជាប្រភេទស្រូវប្រាំង មានដូចជាពូជ៨៥ ពូជ៥៤ជាដើម។
កសិករគំរូរូបនេះបានបន្តថា មកដល់ដើមខែកញ្ញានេះ ទឹកទន្លេសាបកំពុងឡើងជិតដល់វាលស្រែវាលស្រូវរបស់ប្រជាកសិករបណ្ដើរៗហើយ ដូច្នេះហើយទើបពួកគាត់ខំប្រញាប់ប្រញាល់ប្រមូលផល ឱ្យបានទាន់ទឹកទន្លេឡើងពីទិសខាងលិច ខណៈដែលភ្លៀងក៏នៅតែបន្តធ្លាក់ដោយអន្លើៗ។
កសិករ គឹមដេន បានបន្តទៀតថា ក្នុងរដូវទឹកឡើងនេះ (ស្រែដំឡើងទឹក) ប្រជាកសិករប្រមូលផលបានខ្ពស់បំផុតប្រហែលជាង៤តោន ក្នុងមួយហិកតា។ បន្ទាប់ពីប្រមូលផលស្រូវដំឡើងទឹកអស់ ប្រជាកសិករនៅរង់ចាំធ្វើស្រែបណ្ដេញទឹក និងស្រូវនៅរដូវប្រាំងបន្តទៀតដែរ។
តែអ្វីដែលជាបញ្ហាដ៏មុតស្រួចសម្រាប់ប្រជាកសិករនៅភូមិកំពង់ប្រដំ ក៏ដូចជាប្រជាកសិករនៅទូទាំងប្រទេសនោះ គឺពាក់ព័ន្ធនឹងតម្លៃស្រូវ ដែលកន្លងមកតម្លៃស្រូវឡើងចុះស្រែកតែតាមមាត់ឈ្មួញ នាំឱ្យប្រជាកសិករមានការព្រួយបារម្ភជាខ្លាំង ពីព្រោះវាមិនសមមូលនឹងតម្លៃជីកសិកម្ម ប្រេងឥន្ទនៈ ថ្នាំសម្លាប់សត្វល្អិត ក៏ដូចជាវត្ថុធាតុដើមផ្សេងទៀត ដោយក្នុងនោះកសិករ ហ៊ល គឹមដេន បានបញ្ជាក់ថា «ចំពោះតម្លៃស្រូវអត់សូវទៀងទេ អាស្រ័យលើម៉ូយ (ឈ្មួញស្រូវ) ម៉ូយគេថាប៉ុណ្ណា គឺលក់ប៉ុណ្ណឹង»។
លោកថា បច្ចុប្បន្ន ឈ្មួញទិញស្រូបពីប្រជាកសិករក្នុងមួយគីឡូក្រាម ចាប់ពី៧៨០-៨០០រៀល ចំពោះប្រភេទពូជស្រូវ៨៥ និងពូជស្រូវ៥៤។
ជាការពិតណាស់ ខណៈនៅតំបន់ ឬស្រុក ខេត្តផ្សេងទៀតកំពុងជួបគ្រោះមហន្តរាយ ដោយសារទឹកឡើងលិចស្រូវនោះ នៅតំបន់កសិកកម្មនៃស្រុកស្ទោងនេះ មិនមានអ្វីចោទជាបញ្ហាទឹកលិចស្រូវ និងដំណាំនោះឡើយ៕