(តាកែវ)៖ ផ្សារព្រៃល្វាដែលស្ថិតនៅក្នុងភូមិព្រៃល្វា ខាងកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស់ ខេត្តតាកែវ ត្រូវបានអគ្គិភ័យឆាបឆេះកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០១៨ ដោយបានឆាបឆេះតូបលក់ឥវ៉ាន់ចាប់ហួយ និងសម្ភារចម្រុះខូចខាតជាង១០០តូប ដែលបង្កការខូចខាតអស់ទឹកប្រាក់ប្រមាណ២៩ម៉ឺនដុល្លារ។
លោក ជុំ ឈឿន អធិការនគបាលស្រុកព្រៃកប្បាស់ បានថ្លែងថា អគ្គិភ័យនេះបានឆាបឆេះតូបលក់ចាប់ហួយ និងតូបលក់សម្ភារផ្សេងៗអស់ចំនួន១២៩តូប ដែលស្មើនឹង៥% នៃចំនួនតូបផ្សារទាំងអស់ ហើយក្នុងចំណោមតូបដែលឆេះគឺខូចខាតប្រហែល៩០%។
លោកអធិការស្រុកបានបន្តថា បើគិតជាទំហំទឹកប្រាក់គឺមានចំនួនប្រមាណ២៩ម៉ឺនដុល្លារ ហើយមូលហេតុនៃការឆាបឆេះជាអគ្កិភ័យនេះ តាមការសន្និដ្ឋានជំហ៊ានដំបូងគឺបណ្ដាលមកពីទុស្សេខ្សែភ្លើង។
គួបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានពីអគ្គិភ័យឆាបឆេះផ្សារព្រៃល្វា កម្លាំងនគរបាលខេត្ត-ស្រុក សហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានចុះអន្តរាគមន៍ជួយពន្លត់អគ្គីភ័យខាងលើ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៣គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន១៥រថយន្ត ទើបពន្លត់បានជាស្ថាពរ៕