(ភ្នំពេញ)៖ ក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត នាយរងខុទ្ទកាល័យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកសម្របសម្រួលមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បាននាំយកថវិការបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជិត៤០លានរៀល ទៅជូនក្រុមគ្រួសារសពលោកវរសេនីយ៍ទោ ហុក ប៊ុនហុយ មេបញ្ជាការរងកងអន្តរាគមន៍កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានទទួលមរណភាព ក្នុងជន្មាយុ៥១ឆ្នាំ ដោយជួបឧបទ្ទវហេតុលង់ទឹក។
លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី ក៏បានពាំនាំនូវការសាកសួរសុខទុក្ខ និងរំលែកទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា ដល់គ្រួសារសពលោកវរសេនីយ៍ទោ ហុក ប៊ុនហុយ ថា បើទោះបីឋិតក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ កងរាជអាវុធហត្ថទូទាំងប្រទេស ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា គឺតែងតែយកចិត្តទុកដាក់ជួយដល់បងប្អូន កងរាជអាវុធហត្ថទាំងអស់ នៅពេលដែលជួបទុក្ខលំបាក ដូចជា ពេលនេះជាដើមដោយមិនប្រកាន់លើលក្ខខណ្ឌណាមួយឡើយ។
ក្នុងឱកាសផងនោះដែរ លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត បានគូសបញ្ជាក់ឲ្យដឹងផងដែរថា មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថនេះ គឺត្រូវបានធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់នាយឧត្តមសេនីយ៍ សៅ សុខា និងការតាមដានយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន បានសបញ្ជាក់ឲ្យឃើញអំពីស្មារតីសាមគ្គីភាព ក្នុងនាមមហាគ្រួសារកងរាជអាវុធហត្ថ ដោយការជួយយកអាសារ ជួយគ្នាទៅវិញទៅមក នៅពេលដែលជួបទុក្ខលំបាក បើទោះបីជាឋិតក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។
លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត បានបន្តឲ្យដឹងបន្ថែមទៀតថា បច្ច័យមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជិត៤០លានរៀលនេះ ត្រូវបានលោកស្រី លឹម ឆេងលាង ដែលត្រូវជាភរិយានៃសព និងក្រុមគ្រួសារនឹងនាំយកថវិកាទាំងអស់នោះ ទៅបរិច្ចាគជូនមន្ទីរពេទ្រគន្ធបុប្ពាដែលជាបណ្តាំរបស់វរសេនីយ៍ទោ ហុក ប៊ុនហុយ នៅពេលដែលលោកនៅមានជីវិត៕