(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ និងក្រសួងសន្ដិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ឯកភាពគ្នាលើអ្វីដែលថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរ បានឯកភាពគ្នាកន្លងមក ពាក់ព័ន្ធការងារបណ្ដុះបណ្ដាលធនធានមនុស្ស នៅលើវិស័យកងកម្លាំងនគរបាលជាតិ ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត សម្ដៅជំរុញរក្សាសន្ដិ សណ្ដាប់ធ្នាប់សាធារណៈ។
ការឯកភាពគ្នានេះ ធ្វើឡើងក្នុងឱកាសនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ អញ្ជើញទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយលោក Hu Binchen អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨។
គោលបំណងសំខាន់ នៃដំណើរទស្សកិច្ចនេះ គឺផ្តោតទៅលើការបន្តពង្រឹងនូវចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ជាពិសេសទៅលើអ្វីដែលថ្នាក់ដឹកនាំទាំងពីរឯកភាពគ្នាកន្លងមក ពាក់ព័ន្ធការងារបណ្តុះបណ្តាលធនធានមនុស្ស នៅលើវិស័យកងកម្លាំងនគរបាលជាតិ។
ក្នុងដំណើរទស្សកិច្ចនេះ លោក Hu Binchen ក៏មានបំណងចង់ស្វែងយល់បន្ថែមអំពីតម្រូវការ នៃការបណ្តុះបណ្តាលកងកម្លាំងនគរបាលកម្ពុជា ក៏ដូចជាតម្រូវការជាក់ស្តែងទៅលើសម្ភារបច្ចេកទេសមួយចំនួន ដែលភាគីចិន និងពិនិត្យលទ្ធភាពក្នុងការបន្តជួយគាំទ្រផ្អែកទៅលើកិច្ចសហប្រតិបត្តិការ កាលពីខែឧសភា កន្លងទៅដែលក្រសួងទាំងពីរបានចុះជាមួយគ្នា។
ទទ្ទឹមនឹងនោះ ថ្នាក់ដឹកនាំគណៈប្រតិភូក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ក៏នឹងបន្តដំណើរទស្សនកិច្ចទៅកាន់ខេត្តព្រះសីហនុ ដើម្បីជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ នឹងពិភាក្សាអំពីការងារកិច្ចសហប្រតិបត្តិ ក៏ដូចជាការបន្តពង្រឹងនូវការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈផងដែរ៕