(ស្វាយរៀង)៖ លោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យទំនិញបន្លែផ្លែឈើ នៅទីតាំងផ្សារប្រសូត្រ ស្រុកស្វាយទាប និងផ្សារជីភូ ក្រុងបាវិត ក្នុងនោះបាន រកឃើញចាហ៊ួយសង្ស័យដាក់ជាតិប្លាស្ទិកចំនួន១៥កាឡស្មើនិង៣៧.៥គីឡូ ព្រមទាំងរកឃើញស្លាដក៣១កញ្ចប់ នៅផ្សារជីភូ ដែលមានទឹកដោះគោ ថ្នាំដុះធ្នេញ និងសាប៊ូ ខូចគុណភាព និងទំនិញខូចគុណភាពជាច្រើនមុខទៀត ដាក់តាំងលក់នៅផ្សារប្រសូត្រ និងផ្សារជីភូ ក្រុងបាវិត ខេត្តស្វាយរៀង ហើយបានដកហូតយកទៅពិសោធន៍ និងដុតកម្ទេចចោល។
លោក ផឹង និល បានថ្លែងថា ដោយមានការណែនាំពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល កាំកុងត្រូលខេត្តស្វាយរៀង តែងតែចុះពិនិត្យមុខទំនិញបានជាច្រើនលើក ហើយការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ ក្នុងគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារ ជូនប្រជាពលរដ្ឋ និងលើកកម្ពស់សុខុមាភាពដល់ពួកគាត់ព្រោះវាមានសារសំខាន់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ ហើយការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបង នៃភាពរស់រាននៃជីវិត។
លោកបានបញ្ជាក់ទៀតថា មន្ត្រីជំនាញបានធ្វើការចុះពិនិត្យមុខទំនិញជាច្រើនមុខ ក្នុងទីតាំងផ្សាប្រសូត្រនិងផ្សារជីភូនាពេលនេះ បានរកឃើញចាហ៊ួយចំនួន១៥កាឡ ស្នើរនិង៣៧.៥គីឡូ ព្រោះប្រភេទចាហ៊ួយនេះ នាំចូលពីប្រទេសវៀតណាម។ វាមានជាតិរឹងស្វិតដែលបង្កឲ្យប៉ះពាល់ដល់ក្រពះពោះវៀនយ៉ាងធ្ងន់ធ្ងរ ខណៈដែលយើងបានបរិភោគវាជាពិសេសនោះក្មេងៗតូច ពិតជាគ្រោះថ្នាក់ខ្លាំងណាស់។
ក្នុងនោះក៏បានរកឃើញទំនិញហួសកាលបរិច្ឆេតមួយចំនួនទៀតផងដែរ មន្ត្រីជំនាញបានធ្វើតេស្តទៅលើមុខទំនិញជាច្រើនមុខមានដូចជាបន្លែ ផ្លែឈើ ផ្អក ប្រហុក ជ្រក់ សណ្តែកបណ្តុះ ឈាមគោ។ល។ ប៉ុន្តែពុំមិនបានរកឃើញផ្ទុកសារធាតុគីមីនោះទេ ចំណែកអ្នកលក់ក៏បានយល់ព្រមបញ្ឈប់ការដាក់លក់ទំនិញដែលខូចគុណភាព ហួសការបរិច្ឆេទប្រើប្រាស់ ព្រោះពួកគេទាំងអស់នោះបានយល់ដឹង នូវផលប៉ះពាល់ដល់សុខភាព នៅពេលដែលប្រើប្រាស់ទំនិញដែលខូចគុណភាព។
លោក ផឹង និល ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ នៅខេត្តស្វាយរៀង សូមមានការប្រុងប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញាកាលបរិច្ឆេទឲ្យបានច្បាស់លាស់ មុនទិញយកទៅបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឲ្យបានញឹកញាប់បន្ថែមទៀត ជាពិសេសជិតរដូវបុណ្យភ្ជុំបិណ្យខាងមុខនេះ៕