(មណ្ឌលគិរី)៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ គឺរថយន្តដឹកជន្លង់ម្រេចធ្លាក់ចូលជ្រោះជ្រ បានកើតឡើងក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី បណ្តាលមនុស្សចំនួន២នាក់ស្លាប់នៅនឹងកន្លែង និងរបួសធ្ងន់ស្រាលចំនួន១២នាក់។ អ្នករងរបួសធ្ងន់ស្រាល ត្រូវបានរថយន្ត សង្រ្គោះបានដឹកជញ្ជូនទៅសង្រ្គោះនៅពេទ្យបង្អែកខេត្តមណ្ឌលគិរី។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២៤៖៣០នាទីយប់ឈានចូលថ្ងៃ៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ៩២-៩៣ ចំណុចស្ពានអូរងើយ នៅភូមិ អណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

លោក ប៊ូ ប៊ុនឈាន អធិការនគរបាលស្រុកអូររាំង បានបញ្ជាក់ថា គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងពេលរថយន្តមួយគ្រឿងដឹកជន្លង់ម្រេច ផ្ទុកមនុស្សជាង១០នាក់ ធ្វើដំណើរមកពីស្រុកមេមត់ មកដល់ចំណុចកើតហេតុ ចុះចំណោតស្ពានអូរងើយ ជ្រុលចង្កូត ទៅបុកក្បាលស្ពាន ធ្វើឲ្យរថយន្តក្រឡាប់ធ្លាក់ចូលក្នុងជ្រោះជ្រៅ បណ្តាលឲ្យមនុស្សស្លាប់ភ្លាមៗនៅនឹងកន្លែងចំនួន២នាក់
របួសធ្ងន់ចំនួន២នាក់ ស្រាលចំនួន១០នាក់។

ភ្លាមៗនោះ រថយន្តមន្ទីរពេទ្យ និងរថយន្តសង្រ្គោះរបស់នគរបាលខេត្តមណ្ឌលគិរី បានចេញទៅដឹកជញ្ជូន ជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត។ លោកអធិការបានបន្តថា អ្នករងរបួសធ្ងន់ អាចបន្តបាត់បងជីវិតទៀត ដោយសារអាការៈមានសភាពធ្ងន់ធ្ងរពេក។

លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានប្រាប់ឲ្យដឹងថា ពិតជាមានហេតុការណ៍គ្រោះថ្នាក់ ដ៏រន្ធត់នេះ បានកើតឡើងនៅចំណុចខាងលើនោះ ពិតប្រាកដមែន ហើយលោកក៏បានអំពាវនាវដល់អ្នកធ្វើដំណើរទាំង អស់តាមដងផ្លូវ សូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ គ្រប់លក្ខណៈបច្ចេកទេសរបស់យានយន្តឲ្យបាន ត្រឹមត្រូវព្រោះនៅតំបន់នេះ ពោរពេញដោយស្ថានភាពផ្លូវមានភ្នំជ្រោះ អូរ ផ្លូវបត់បែនច្រើនរបត់មានផ្សែងអ័ព្វងងឹត៕