(ភ្នំពេញ)៖ ក្រោយទទួលបានការណែនាំពីលោកវរសេនីយ៍ឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ, លោកអនុសេនីយ៍ទោ អ៊ំ រតនា នាយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ បានបន្តដឹកនាំកម្លាំង ចុះយាមល្បាតពួនស្ទាក់ក្នុងមូលដ្ឋាននៅពេលរាត្រី រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀន១កញ្ចប់ធំ ដែលអាចច្រកជាកញ្ចប់តូចៗបានចំនួន៤កញ្ចប់ផងដែរ (ក្នុងបទល្មើសជួញដូរ) នៅត្រង់ចំណុចលើផ្លូវលំ ក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង២១៖២០នាទីនាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨។
នាយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានក្នុងបទល្មើសជួញដូរគ្រឿងញៀនមានឈ្មោះ សេង ហេង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ១០៤៣អឺ២ ផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នាយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានការណែនាំជាបន្តបន្ទាប់ពីលោកវរសេនីយ៍ឯកអធិការនគរបាលខណ្ឌមានជ័យ ក្នុងការយាមល្បាតពួនស្ទាក់រក្សាសន្តិសុខក្នុងមូលដ្ឋានជាប្រចាំ ដើម្បីត្រួតពិនិត្យរាល់សកម្មភាពមិនប្រក្រតីទាំងឡាយ ទើបឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ហើយដកហូតបានថ្នាំញៀន១កញ្ចប់ធំ ដែលអាចច្រកជាកញ្ចប់តូចៗបានចំនួន៤កញ្ចប់ផងដែរ ក្នុងសកម្មភាពចែកចាយ និងជួញដូរដោយខុសច្បាប់។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បាននិងកំពុងស្ថិតក្រោមការសាកសួបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕