(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨នេះ មានរថយន្តដឹកដី១គ្រឿងបើកក្នុងល្បឿនលឿន ខណៈដល់ចំណុចកើតហេតុជាផ្លូវកោងផងនោះ ម្ចាស់រថយន្តបួងចង្កួតមិនទាន់ ក៏បានរេចង្កួតធ្លាក់ចូលទឹងស្ទឹងសង្កែទាំងព្រឹក សំណាងមិនមានគ្រោះថ្នាក់ដល់មនុស្ស។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្លូវកោងច្រាំងបាក់ ស្ថិតក្នុងក្រុមទី០៧ ភូមិកន្តួត សង្កាត់ក្តុលដូនទាវ ក្រុង/ខេត្តបាត់ដំបង ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង៦៖៣០នាទីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវកោងច្រាំងបាក់ ស្ថិតក្នុងក្រុមទី០៧ ភូមិកន្តួត សង្កាត់ក្តុលដូនទាវ ក្រុង/ខេត្តបាត់ដំបង មានករណី គ្រោះថ្នាក់ចរាចរណ៍ (បើកធ្លាក់ចូលក្នុងស្ទឹង) មួយកើតឡើង បណ្តាលឲ្យរថយន្តកូរ៉េដឹកដី ពណ៌ស (គ្មានស្លាកលេខ) មួយគ្រឿង បើកបរដោយឈ្មោះ អ៊ឹម ឌីណា ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរកម្មករដឹកដី មានទីលំនៅភូមិសួរអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ធ្វើដំណើរពីត្បូងទៅជើងបើកបរក្នុងល្បឿនលឿន ដល់ចំណុចផ្លូវកោងច្រាំងបាក់ ក៏បានជ្រុលចង្កូតធ្លាក់ចូលក្នុងស្ទឹងតែម្តង ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើពុំបណ្តាលឲ្យរងគ្រោះដល់អាយុជីវិតមនុស្សឡើយ ចំណែករថយន្តខាងលើត្រូវបានកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត យកទៅរក្សាទុកបណ្តោះអាសន្ន៕