(ភ្នំពេញ)៖ លោក Thomas O’Sullivan ជាអ្នកជំនាញវិស័យអចលនទ្រព្យមកពីបរទេស បានថ្លែងថា ប្រទេសកម្ពុជាកំពុងក្លាយជាគោលដៅ របស់វិនិយោគិនអចលនទ្រព្យអន្តរជាតិ នៅទូទាំងតំបន់អាស៊ាន ប្រទេសចិន និងពិភពលោក។

លោក Thomas O’Sullivan បានថ្លែងបែបនេះ​ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគារ Lumiere Hotel ខណៈដែលក្រុមហ៊ុន របស់លោកបានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីប្រកាសពីកម្មវិធីពិព័រណ៍អចលនទ្រព្យដ៏ធំនៅកម្ពុជា ប្រចាំឆ្នាំ២០១៨។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុនគេហទំព័រអចលនៈទ្រព្យដ៏ធំនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសកម្ពុជា កំពុងក្លាយជាគោលដៅ របស់វិនិយោគិន អចលនទ្រព្យអន្តរជាតិ នៅទូទាំងតំបន់អាស៊ានប្រទេសចិន និងពិភពលោក។ បើប្រៀបធៀបជាមួយ បណ្តាប្រទេសជិតខាង នៅក្នុងតំបន់ កម្ពុជាបានផ្តល់កម្មសិទ្ធិកាន់កាប់អចលនទ្រព្យ សម្រាប់ជនបរទេស និងមានទស្សនវិស័យចំពោះកំណើន នៃការវិនិយោគយ៉ាងរឹងមាំ»

មូលហេតុដែលលោកថ្លែងបែបនេះ ព្រោះលោកសង្កេតឃើញថា ការទិញលក់ក្នុងប្រទេសកម្ពុជា នៅក្នុងវិស័យអចលនទ្រព្យ មានការកើនឡើង នាពេលថ្មីៗនេះ។ លោកបន្តថា ជាក់ស្តែង បន្ទាប់ពីបោះឆ្នោតចប់ភ្លាម ប្រហែលជាជាង២ខែមកនេះ ការទិញលក់ក្នុងវិស័យអចលនទ្រព្យមានការកើនឡើង រហូតដល់ជាង៥០ភាគរយ។

ដោយមើលឃើញពីភាពរីកចម្រើនក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាប្រទេសកម្ពុជាបែបនេះហើយ ទើបលោកបានរៀបចំកម្មវិធីពិព័រណ៍អចលនទ្រព្យដ៏ធំមួយឡើង។ ពិព័រណ៍នេះ ធ្វើឡើងក្នុងគោលបំណងផ្តល់វេទិកាអចលនទ្រព្យដ៏ងាយស្រួល សម្រាប់អតិថិជនក្នុងស្រុក និងអន្តរជាតិ និងវិនិយោគិនអចលនទ្រព្យ អាចទស្សនា និងស្វែងយល់ពីគម្រោងអភិវឌ្ឍន៍ធំៗនៅក្នុងតំបន់តាមរយៈព្រឹត្តិការណ៍ដ៏ធំមួយនេះ។

ពិព័រណ៍ចុងក្រោយបំផុតនៅក្នុងខែតុលា ឆ្នាំ២០១៧ មានអ្នកចូលរួមជាង ៤,០០០នាក់ ហើយក្នុងរយៈពេល ២ថ្ងៃ អចលនទ្រព្យបានលក់នៅនឹងកន្លែងស្មើនឹងទឹកប្រាក់ជាង ២០លានដុល្លារ។ ភាពជោគជ័យនេះ បានជំរុញឲ្យមានតម្រូវការដ៏ច្រើន ពីសំណាក់ភ្នាក់ងារអភិវឌ្ឍន៍ និងអ្នកស្វែងរកអចលនទ្រព្យដោយធ្វើយ៉ាងណា ឲ្យពិព័រណ៍អចលនទ្រព្យវិលត្រឡប់មកវិញសម្រាប់ ឆ្នាំ២០១៨នេះ។

បើតាមលោក Tomas O'Sullivan ជាមួយយុទ្ធនាការទីផ្សារយ៉ាងទូលំទូលាយ មុនពេលព្រឹត្តិការណ៍ពិព័រណ៍នេះចាប់ផ្តើម មិនត្រឹមតែជាយានដ៏សំខាន់ ក្នុងការផ្សព្វផ្សាយ ពីប្រទេសកម្ពុជាទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្សព្វផ្សាយអំពី គោលដៅវិនិយោគដ៏ល្អបំផុតមួយ ទៅកាន់ពិភពលោកផងដែរ។

លោកបានថ្លែងបញ្ជាក់បន្ថែមថា «មនុស្សជាង៤០០០ នាក់បានចុះឈ្មោះរួចរាល់ ដើម្បីចូលរួមពិព័រណ៍ឆ្នាំនេះ ហើយយើងព្យាករណ៍ថានឹងអាចទាក់ទាញ អ្នកចង់ទិញផ្ទះ និងអ្នកវិនិយោគអចលនទ្រព្យជាង ៦,០០០ នាក់យ៉ាងតិច»

ជាមួយនឹងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាង ៣០គម្រោង ក្នុងរយៈពេល ២ថ្ងៃ «ពិព័រអចលនទ្រព្យ កម្ពុជាឆ្នាំ២០១៨» ដែលចូលរួមឧបត្ថម្ភដោយក្រុមហ៊ុន Ezecom ក្រុមហ៊ុន Propease ក្រុមហ៊ុន Bayon Airlines & CDF នឹងបង្ហាញនូវឱកាសវិនិយោគ អចលនទ្រព្យដែលល្អបំផុត នៅទូទាំងប្រទេស។ អ្នកចូលរួមទស្សនា និងអ្នកទិញអចលនទ្រព្យទាំងក្នុងស្រុក និងក្រៅស្រុក រួមទាំងវិនិយោគិនជាតិ និងអន្តរជាតិនឹងមានវត្តមាននៅក្នុងឱកាសពិសេសនេះ។

លោក O’Sullivan បានបន្ថែមទៀតថា ក្នុងអំឡុងពេលនៃការតាំងពិព័រណ៍នេះ អ្នកទស្សនានឹងមានឱកាស ចូលរួមជាមួយវគ្គសិក្ខាសាលាអប់រំជាច្រើន ដែលនឹងអាចជួយដល់ពួកគាត់ និងអ្នកវិនិយោគឲ្យយល់ដឹងអំពីទីផ្សារ កាតព្វកិច្ចផ្លូវច្បាប់នៃកម្មសិទ្ធិលើអចលនទ្រព្យ និងការជួយអប់រំពួកគាត់ ឱ្យចេះធ្វើការសម្រេចចិត្តបានត្រឹមត្រូវ នៅពេលទិញអចលនទ្រព្យនៅកម្ពុជា។ សិក្ខាសាលានេះនឹងមាន ៣ភាសាគឺ៖ ភាសាខ្មែរ អង់គ្លេស និងចិន ជាមួយនឹងការបកប្រែសម្រាប់ភ្ញៀវ ផងដែរ៕