(ថៃ)៖ អ្នកយកព័ត៌មាន របស់ប្រទេសមហាអនុតំបន់ទន្លេមេគង្គ ជាង១០នាក់ មកពីប្រទេសកម្ពុជា វៀតណាម ឡាវ និងថៃ ត្រូវបានអញ្ជើញទៅចូលរួម ក្នុងដំណើរទស្សនកិច្ចនៅកំពង់ផែ និងតំបន់សេដ្ឋកិច្ចធំៗ មួយចំនួន នៃខេត្ត Chonburi ប្រទេសថៃ។
ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពី លោក ជួរ លីមហួត អ្នកសារព័ត៌មានមួយរូប ដែលជំនាញខាងសរសេរព័ត៌មានសេដ្ឋកិច្ច របស់អង្គភាពព័ត៌មាន Fresh News និងលោក សៅ ហឿន អ្នកសារព័ត៌មានស្ថានីយទូរទស្សន៍ កងយោធពលខេមរភូមិន្ទប៉ុស្ដិ៍លេខ៥ (TV5) ផងដែរ។
ដំណើរទស្សនកិច្ចនេះ បានរៀបចំធ្វើឡើងដោយ ការិយាល័យសន្និបាត និងពិព័រណ៍ថៃ (TCEB) និងសមាគមដឹកជញ្ជូនទំនិញ របស់មហាអនុតំបន់ទន្លេមេគង្គ (FRETA) ដោយមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៣ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨។
កំពង់ផែ និងតំបន់សេដ្ឋកិច្ចធំៗ នៃខេត្ត Chonburi ប្រទេសថៃ ដែលក្រុមអ្នកយកព័ត៌មាន របស់ប្រទេសមហាអនុតំបន់ទន្លេមេគង្គ បានទៅធ្វើទស្សនកិច្ច រួមមាន៖
ទី១៖ កំពង់ផែឡែមច្បាំង (Laem Chabang Deep Sea Port)
ទី២៖ ព្រលានយន្តហោះអ៊ូ តះផៅ (U-Tapao Airport)
ទី៣៖ កំពង់ផែជុកសមាច់ (Chuk samet port)
ទី៤៖ Digital Park Thailand។
ទស្សនកិច្ច ខាងលើនេះ គឺធ្វើឡើងស្របពេលដែល ការិយាល័យសន្និបាត និងពិព័រណ៍ថៃ និងសមាគមដឹកជញ្ជូនទំនិញ របស់មហាអនុតំបន់ទន្លេមេគង្គ រៀបចំសន្និសីទអន្តរជាតិ ជាលើកដំបូង ស្តីពី «GMS Logistics Thailand 2018» នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នាទីក្រុងបាងកក ដើម្បីពង្រឹង បណ្តាញទំនាក់ទំនង និងការធ្វើឲ្យប្រសើរឡើងនូវភ័ស្តុភារ ក្នុងចំណោមប្រទេសចំនួន៦ ក្នុងមហាអនុតំបន់ទន្លេមេគង្គ៕