(ភ្នំពេញ)៖ វីរកីឡាការិនី ខាន់ ចេសា ម្ចាស់មេដាយមាសកីឡាអាស៊ី Asian Games 2018 ត្រូវបានក្រុមគ្រួសារ មានទាំងលោកយាយ-លោកយាយទូត និងឪពុកម្ដាយ ប្រកាសគាំទ្រ និងលើកទឹកចិត្តកញ្ញា បន្ដចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា តំណាងប្រទេសកម្ពុជា ដើម្បីនាំមកនូវកិត្តិយសជូនជាតិបន្ថែមទៀត គ្រាដែលសាមីខ្លួន បានអះអាងថា កញ្ញាបានត្រៀមលក្ខណៈសម្បត្តិហើយជាស្រេច ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិធំៗនានា ពិសេសកីឡាស៊ីហ្គេម SEA-Games លើកទី៣០ នៅហ្វីលីពីន នាឆ្នាំ២០១៩ ក្នុងនាមកីឡាការិនីជឺជិតស៊ូជម្រើសជាតិកម្ពុជា។

ក្រោយចូលជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសអបអរសាទរម្ចាស់មេដាយមាស Asian Games នៅវិមានសន្ដិភាពកាលពីល្ងាចថ្ងៃទី៣ ខែកញ្ញា លោកស្រី ខួន ប៉ាច ត្រូវជាយាយទូត និងលោកស្រី សាមួន ខាន់ ម៉ានារី យាយបង្កើតរបស់កញ្ញា ខាន់ ចេសា និងក្រុមគ្រួសារ រួមទាំងក្រុមគ្រួសាររបស់វីរកីឡាករ សាលី អ៊ូមើត និងគ្រូបង្វឹក បានជួបសំណេះសំណាល ជាមួយលោកបណ្ឌិត ថោង ខុន និងថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយលោកយាយ-លោកយាយទូតរបស់ ចេសា បានសម្ដែងនូវការត្រេកអរ និងមានមោទនៈភាពជាខ្លាំង ចំពោះចៅស្រី ដែលដណ្ដើមបានមេដាយមាសជូនប្រទេសកម្ពុជា។

លោកស្រី ម៉ានារី បានលើកឡើងថា ក្រោយទទួលបានដំណឹងចៅស្រី ឈ្នះមេដាយ Asian Games គ្រួសារទាំងមូល ដែលកំពុងរស់នៅសហរដ្ឋអាមេរិក បានត្រៀមខ្លួនធ្វើដំណើរមកចូលរួមអបអរសាទរជ័យជម្នះរបស់ ចេសា តែគួរឲ្យស្ដាយឪពុក និងម្ដាយរបស់គេ ដោយសារជាប់ភារកិច្ចចាំបាច់ មិនអាចមកបាន។ តែក្នុងនាមយាយបង្កើត លោកស្រីរំភើបស្ទើរស្រក់ទឹកភ្នែក ហើយបានផ្ដាំផ្ញើ និងលើកទឹកចិត្តចៅស្រី ត្រូវបន្ដការខិតខំហ្វឹកហាត់ឲ្យកាន់តែខ្លាំង ដើម្បីចូលរួមប្រកួតតំណាងកម្ពុជា និងដណ្ដើមមេដាយជូនជាតិឲ្យកាន់តែច្រើនបន្ថែមទៀត។

លើសពីនេះលោក សាមួន ដាន ប្អូនបង្កើតលោកស្រី ម៉ានារី បានបញ្ជាក់ថា គ្រួសារទាំងមូល រួមទាំងឪពុក-ម្ដាយរបស់ ចេសា បានសម្រេចគ្នាហើយ គឺអនុញ្ញាត និងគាំទ្រម្ចាស់មេដាយមាសវ័យក្មេងរូបនេះ បន្ដលេងតំណាងកម្ពុជារហូត ឲ្យតែកម្ពុជាត្រូវការនាង ព្រោះវាគឺជាការស្រលាញ់ពេញចិត្តផ្ទាល់របស់ ចេសា។ លោកបង្ហើបទៀតថា កន្លងមកដោយឃើញពីសមត្ថភាព ចេសា មានប្រទេសមួយចំនួន ធ្លាប់ចង់បាននាងឲ្យចូលសញ្ជាតិ និងលេងឲ្យជម្រើសជាតិគេ តែត្រូវបានកញ្ញាបដិសេធ ព្រោះកញ្ញាចង់លេងឲ្យកម្ពុជា ហើយទីបំផុត ចេសា ពិតជាបានសម្រេចបំណងនេះមែន។

មិនតែប៉ុណ្ណោះ ខាន់ ចេសា ក៏បានត្រៀមខ្លួនហើយជាស្រេច ដើម្បីចូលរួមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន ក៏ដូចកីឡាអាស៊ី ឆ្នាំ២០២២ នៅចិន ពិសេសកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ ខណៈស៊ីហ្គេម លើកទី៣០ ហ្វីលីពីន បានបញ្ចូលកីឡាជឺជិតស៊ូ ក្នុងការប្រកួតរួចហើយ។ នេះបើតាមការបញ្ជាក់របស់មន្ដ្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ដូច្នេះក្នុងនាមជាក្មេងស្រី មានក្រមសីលធម៌ល្អ និងមានការប្រឹងប្រែងហ្វឹកហាត់ ចេសា នៅតែមានក្ដីរំពឹងខ្ពស់ក្នុងការដណ្ដើមមេដាយមាស ដូចអ្វីដែលកញ្ញាធ្វើបានជោគជ័យក្នុងការប្រកួតកីឡា Asian Games ដែរ។ នេះបើតាមការអះអាងបន្ថែមរបស់លោក សាមួន ដាន។

សូមរំឮកថា បច្ចុប្បន្ន ខាន់ ចេសា មានវ័យ ១៧ឆ្នាំ ដោយមានឪពុកជាជនជាតិកម្ពុជា និងម្ដាយជាជនជាតិម៉ិចស៊ិកូ តែទទួលបានសញ្ជាតិអាមេរិកដូចគ្នា ខណៈបច្ចុប្បន្ន កំពុងរស់នៅសហរដ្ឋអាមេរិក ។ ចេសា បានចូលលេងកីឡាជឺជិតស៊ូតាំងពីនៅក្មេងម្លេះ ក្រោមការបង្ហាត់ផ្ទាល់ពីឪពុកខ្លួន ហើយប៉ុន្មានឆ្នាំក្រោយមក នាងដណ្ដើមបានមេដាយមាសជាច្រើន មុននឹងកញ្ញាដណ្ដើមបានមេដាយមាស Asian Games ១គ្រឿង រួមចំណែកជួយកម្ពុជា បំបែកឯតទគ្គកម្មប្រវត្តិសាស្ដ្រ ៦៤ឆ្នាំ ដែលឈ្នះមេដាយមាស ២គ្រឿង ជាមួយកីឡាករ សាលី អ៊ូមើត ដែលដណ្ដើមបានមេដាយមាស ១ និងសំរឹទ្ធ ១ លើប្រភេទកីឡាម៉ូតូទឹក៕