(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ និងរបួសធ្ងន់១៣នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៩គ្រឿង, រថយន្ដធុនតូច៨គ្រឿង, អ្នកថ្មើជើងម្នាក់ និងរថយន្ដធុនធំ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, ប្រជែង, មិនប្រកាន់ស្ដាំ និងមិនគោរពសិទ្ធិ។
សូមបញ្ជាក់ថា រយៈពេល០៤ ថ្ងៃមានការណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៣៥លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១៥នាក់, របួសធ្ងន់៤០នាក់ និងរបួសស្រាលចំនួន៨នាក់៕