(សៀបរាម)៖ អភិបាលខេត្តសៀបរាម លោក ឃឹម ប៊ុនសុង នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យលោក មៀ ស្លូម៉ូ (Meir Shlomo) ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំកម្ពុជា-ថៃ ចូលជួបសំណេះសំណាល និងពិភាក្សាការងារ។
ថ្លែងក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល គ្រោងនឹងផ្តល់អាហារូបករណ៍ផ្នែកកសិកម្ម ដល់សិស្សនិស្សិត សកលវិទ្យាល័យ នៅខេត្តសៀមរាប ឲ្យបន្តការសិក្សារៀនសូត្រ នៅប្រទេសអ៊ីស្រាអែល ។
លើសពីនេះទៀត លោក មៀ ស្លូម៉ូ បានសន្យានាំអ្នកវិនិយោគ មកវិនិយោគនៅខេត្តសៀមរាបទៀតផង ដើម្បីបន្ដការអភិវឌ្ឍនៅខេត្តតំបន់ទេសចរណ៍មួយនេះ។
ជាមួយគ្នានេះ លោក ឃឹម ប៊ុនសុង បានថ្លែងអំណរគុណដល់ រដ្ឋាភិបាលអ៊ីស្រាអែល ដែលបានសន្យាផ្ដល់អាហាររូបករណ៍ដល់និស្សិតកម្ពុជា និងបន្ដនាំអ្នកវិនិយោគ មកវិនិយោគនៅខេត្តសៀបរាមបន្ថែមទៀត៕