(ភ្នំពេញ)៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨នេះ សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីការបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» ត្រូវបានគណបក្សទាំង១៦ ព្រមព្រៀងគ្នាឯកភាពជាឯកច្ឆ័ន្ទរួចហើយ នៅក្នុងកិច្ចប្រជុំពិភាក្សាគ្នា នៅវិមានសន្តិភាព ដឹកនាំដោយឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា «សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីការបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» ត្រូវបានគណបក្សទាំង១៦ឯកភាពគ្នារួចហើយ ហើយសេចក្តីព្រាងនេះអាចនឹងចេញនៅថ្ងៃទី០៦ ខែកញ្ញា នាឱកាសប្រជុំសភាតែម្តង»។
សេចក្តីព្រាងព្រះរាជក្រឹត្យនេះមាន៧ជំពូក និង២១មាត្រា នឹងបញ្ជូនទៅកាន់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីពិនិត្យសម្រេច ដាក់ទូលថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដើម្បីឡាយព្រះហស្ថលេខា បង្កើតជាផ្លូវការ។
សូមបញ្ជាក់ថា ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត នៅចំពោះមុខប្រធានគណបក្សនយោបាយទាំង១៦ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ដើម្បីផ្តល់ឱកាសដល់គណបក្សនយោបាយក្រៅរដ្ឋសភាទាំងនោះ ចូលរួមបម្រើជាតិ។
សមាសភាពនៃ «ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» ត្រូវបានជ្រើសចេញពីគណបក្សនយោបាយចំនួន១៦ ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះចំនួន២រូប ដែលប្រធានគណបក្ស ហៅថាជា «ប្រធានប្រតិភូ» និងអនុប្រធាន ឬអគ្គលេខាធិការនៃគណបក្ស ហៅថា «អនុប្រធានប្រតិភូ»។
«ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» គឺជាយន្ដការថ្មីមួយទៀត ដើម្បីចូលរួមឆ្លើយតបនឹងផ្ដល់ផលប្រយោជន៍ប្រជាពលរដ្ឋទាំងមូល ដែលវាមិនមែនជាផ្ដល់ ប្រយោជន៍របស់រាជរដ្ឋាភិបាលនោះឡើយ ហើយប្រធានគណបក្សនយោបាយទាំងអស់ ដែលចូលរួមកិច្ចពិគ្រោះយោបល់នោះ ក៏បានប្រកាសគាំទ្រទាំងស្រុងចំពោះគំនិតផ្ដួចផ្តើមនេះផងដែរ។
ប៉ុន្តែទោះជាយ៉ាងនេះក្តី គណបក្សនយោបាយចំនួន៤ផ្សេងទៀត ពុំចូលរួមជាមួយនឹងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះនៅឡើយ ក្នុងនោះរួមមាន៖ ១៖ គណបក្សមាតុភូមិយើង, ២៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, ៣៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងទី៤៖ គណបក្សខ្មែរឈប់ក្រ៕