(ភ្នំពេញ)៖ ក្រោមការសម្របសម្រួល និងរៀបចំរបស់អង្គការវិទ្យាស្ថានសន្ទនាមេគង្គ, អ្នកសារព័ត៌មាន មន្រ្តីរាជការ មន្រ្តីអង្គការ សិស្ស-និស្សិតទាំងជាតិ និងអន្តរជាតិសរុបជិត៥០០នាក់ បានមកជួបជុំគ្នាក្នុងកម្មវិធី «អាស៊ានឆ្ពោះទៅកាន់ស្ថិរភាពក្នុងតំបន់ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ឬ ASEAN Toward Regional Stability Through Social Media» ឬហៅកាត់ថា ASEANCon។
កម្មវិធីខាងលើនេះ ត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលសហប្រត្តិបត្តិការកម្ពុជា-កូរ៉េ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងគោលបំណងបង្កើតជាវេទិកា សម្រាប់អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយសង្គម មកពីប្រទេសជាសមាជិកអាស៊ានអាចពិភាក្សា និងចែករំលែកព័ត៌មាន ព្រមទាំងបង្កើនចំណេះដឹងអំពីតួនាទីនៃសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គមនៅតំបន់អាស៊ាន។
មិនតែប៉ុណ្ណោះ កម្មវិធីនេះក៏មានគោលបំណងផ្ដល់នូវការយល់ដឹង ដល់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់ ឱ្យមានទំនួលខុសត្រូវទៅលើឥទ្ធិពលដែលពួកគេមាន និងដើម្បីលើកកម្ពស់សន្ដិភាព សាមគ្គីភាព និងភាពសុខដុមរមនា តាមរយៈការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។
ASEANCon មានវេទិកាពិភាក្សាចំនួន២ ដែលមានការចូលរួមពីសាស្រ្តាចារ្យផ្នែកតំបន់អាស៊ាន និងអ្នកជំនាញផ្នែកសារព័ត៌មានជាតិ-អន្តរជាតិ ក្នុងនោះរួមមាន៖
ប្រធានបទពិភាក្សាទីមួយគឺ «ការកសាងសន្តិភាព និងការទាក់ទង» ដែលបានចូលរួមដោយលោកបណ្ឌិត នាក់ ចិន្តារិទ្ធិ ប្រធានដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, លោក អ៊ុង រដ្ឋសូរិន អនុប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នៃក្រសួងយុត្តិធម៌, កញ្ញា Kim So-Hyun អ្នកសារព័ត៌មានមកពីប្រទេសកូរ៉េខាងត្បូង និងលោកបណ្ឌិត Vo Xuan Vinh អគ្គនាយករងវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ នៃបណ្ឌិតសភាវិទ្យាសាស្ត្រសង្គម នៃប្រទេសវៀតណាម។
ប្រធានបទពិភាក្សាទីពីរគឺ «ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រកបដោយទំនួលខុសត្រូវ» ដែលចូលរួមដោយកញ្ញា ខាធឺរីន វី ហារីអ្នកសរសេរប្លុក ស្ថាបនិកនៃ A Dose of Cath និងអ្នកសារព័ត៌មានរបស់ AsiaLIFE, លោក ឆាយ សុផល សាស្រ្តាចារ្យផ្នែកសារព័ត៌មាន និងទំនាក់ទំនង និងលោក Chavarong Limpattamapanee ប្រធានក្រុមប្រឹក្សាសារព័ត៌មានជាតិ នៃប្រទេសថៃ។
លើសពីនេះ ASEACon ក៏មានការធ្វើបទបង្ហាញរបស់លោក កៃ គឹមសុង ដែលជាប្រធាននាយកប្រតិបត្តិនៃកាសែត Khmer Times អំពីប្រធានបទ «បញ្ហាប្រឈមនៃការរាយការណ៍ព័ត៌មាន នៅក្នុងសតវត្សរ៍ទី២១» ផងដែរ។
កម្មវិធីក៏មានបទបង្ហាញអំពីសំណេររបស់សិស្ស-និស្សិតឆ្នើមចំនួន៣រូប ដែលបានចូលរួមកម្មវិធីប្រឡងសំណេរក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយចូលរួមចំណែកចំពោះសន្ដិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ាន» និងមានការប្រគល់រង្វាន់ជូនដល់ជ័យលាភីទាំង៣រូប ក្នុងនោះជ័យលាភីសំណេរឆ្នើមលេខ១ បានទៅលើលោក ស៊ិន ពីងហុង, ជ័យលាភីលេខ២ បានទៅលើលោក ម៉ម សិទ្ធិសំណាង និងជ័យលាភីលេខ៣ បានទៅលើលោក នាក់ ពិសិដ្ឋ។
អង្គការវិទ្សាស្ថានសន្ទនាមេគង្គ ជាអង្គការមិនរកប្រាក់ចំណេញដែលបានបង្កើតឡើង ក្នុងឆ្នាំ២០១៣ ដើម្បីលើកកម្ពស់សន្តិភាព និងរួមចំណែកដល់ការរួមរស់ដោយសន្តិភាព នៃអ្នកកាន់សាសនា វប្បធម៌ និងជាតិសាសន៍ខុសគ្នា។ ក្រៅពីនេះ អង្គការវិទ្សាស្ថានសន្ទនាមេគង្គ ក៏បានខិតខំលើកកម្ពស់ការអប់រំ ការពិភាក្សា ការផ្លាស់ប្តូរគំនិត និងទស្សនៈផ្សេងៗគ្នា តាមដែលអាចធ្វើទៅបាននៅក្នុងសកម្មភាព ដូចជាកម្មវិធីសិក្សា កម្មវិធីចូលរួមក្នុងសង្គម កម្មវិធីសិក្សា និងកម្មវិធីវប្បធម៌ផ្សេងៗ៕