(ភ្នំពេញ)៖ ពេញមួយថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ថ្នាក់ដឹកនាំរដ្ឋសភា និងអ្នកពាក់ព័ន្ធជាច្រើនទៀត បានមមាញឹកជាខ្លាំងជាមួយនឹងការរៀបចំតុបតែងវិមានរដ្ឋសភា ដើម្បីរៀបចំការបើកសម័យប្រជុំរដ្ឋសភានីតិកាលទី៦ ជាលើកដំបូងក្រោមព្រះរាជាធិបតីភាព ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ស្អែកនេះ។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨នេះថា ការរៀបចំតុបតែងវិមានរដ្ឋសភាបានរៀបចំរួចរាល់ហើយ ហើយអ្វីៗនឹងប្រព្រឹត្តទៅតាមការគ្រោងទុកនៅថ្ងៃស្អែកនេះ។
លោក ឡេង ប៉េងឡុង មិនទាន់អាចបញ្ជាក់លម្អិតពីសមាសភាពអ្នកដែលនឹងត្រូវចូលរួមក្នុងការបើកសម័យប្រជុំជាលើកដំបូងនៅថ្ងៃស្អែកនេះនៅឡើយទេ។ តែទោះបីជាយ៉ាងណាគេដឹងថា ការបើកសម័យប្រជុំជាលើកដំបូងនៅថ្ងៃស្អែកនេះ ក្រៅពីសមាសភាពតំណាងរាស្ត្រទាំង ១២៥រូប ក៏នឹងមានការអញ្ជើញចូលរួមពីឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតបណ្តាប្រទេសនានាប្រចាំនៅកម្ពុជាផងដែរ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា បានឲ្យដឹងថា ការប្រារព្ធពិធីបើកសម័យប្រជុំលើកដំបូងថ្ងៃស្អែកនេះ នឹងចាប់ផ្តើមឡើងនៅវេលាម៉ោង៨ព្រឹក។ បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងរួចរាល់ ពិធីបើកសម័យប្រជុំលើកទី១ នឹងចាប់ផ្តើមការងាររបស់ខ្លួនក្រោមអធិបតីភាពលោក ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បីសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងការអនុម័តបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភានីតិកាលទី៦។
លុះនៅពេលរសៀលតំណាងរាស្ត្រទាំង ១២៥រូប នឹងចូលទៅកាន់ព្រះបរមរាជវាំង ដើម្បីធ្វើពិធីសច្ចាប្រណិធាននៅចំពោះព្រះភក្ត្រមហាក្សត្រខ្មែរមុននឹងចាប់ផ្តើមបំពេញការងាររបស់ខ្លួន។
ដោយឡែកសម្រាប់ថ្ងៃបន្ទាប់វិញ ពោលគឺថ្ងៃទី០៦ ខែកញ្ញា រដ្ឋសភានឹងធ្វើការបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនរដ្ឋសភារួមមាន៖ ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មាធិការជំនាញនៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលអាណត្តិថ្មីផងដែរ។
សូមបញ្ជាក់ថា រដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺជាសភាជាន់ទាប នៃសភាតំណាងរាស្រ្ត ដែលមានសមាជិកចំនួន ១២៥រូបនាពេលបច្ចុប្បន្ន ជ្រើសតាំងតាមប្រព័ន្ធសមាមាត្រ ដោយការបោះឆ្នោតជាសកល។ សមាជិករដ្ឋសភានីមួយៗ ត្រូវបានជ្រើសតាំងក្នុងអាណត្តិ ៥ឆ្នាំម្តង ដែលចែកជាតំណាង ខេត្ត-រាជធានីទាំង ២៥ ពី១ ទៅ១២អាសនៈ។ គណបក្សនយោបាយសំឡេងភាគច្រើនដែលមានអាសនៈយ៉ាងហោច៦២ អាចមានសិទ្ធិក្នុងការបង្កើតជារដ្ឋាភិបាល។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ មានប្រជាពលរដ្ឋជិត ៧លាននាក់បានចេញទៅបោះឆ្នោតស្មើនឹងជាង ៨៣ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុបក្នុងបញ្ជីបោះឆ្នោតដែលមានជាង ៨លាននាក់។ ក្នុងចំណោមប្រជាពលរដ្ឋចេញទៅបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយតែមួយគត់ទទួលបានការបោះឆ្នោតគាំទ្រច្រើនលើសលុបរហូតដល់ជាង ៤លាននាក់ ឈានទៅគ្រប់គ្រងអាសនៈនៅរដ្ឋសភាទាំង ១២៥តែម្តង។
ការដឹកនាំសភាមកពីគណបក្សនយោបាយតែមួយក្នុងនីតិកាលទី៦ នៃរដ្ឋសភានេះ គឺជាលើកទី៨ហើយនៃប្រវត្តិរដ្ឋសភាខ្មែរដែលដឹកនាំដោយគណបក្សនយោបាយតែមួយ គិតចាប់តាំងពីថ្ងៃនៃការកកើតរដ្ឋសភានៅឆ្នាំ១៩៤៦។ ប្រវត្តិនៃការដឹកនាំរដ្ឋសភាមកពីគណបក្សនយោបាយតែមួយនោះរួមមាន៖ រដ្ឋសភាពីឆ្នាំ១៩៥៥-១៩៥៨ មានសមាជិក ៩១រូប, រដ្ឋសភាពីឆ្នាំ១៩៥៨-១៩៦២ (ឆ្នាំដំបូងដែលស្ត្រីខ្មែរមានសិទ្ធិបោះឆ្នោត) មានសមាជិក ៦១រូប, រដ្ឋសភាពីឆ្នាំ១៩៦២-១៩៦៦ មានសមាជិក ៧៧រូប, រដ្ឋសភាពីឆ្នាំ១៩៦៦-១៩៧២ មានសមាជិក ៨២រូប, សភាជាតិរបស់របបសាធារណរដ្ឋខ្មែរពី១៩៧២-១៩៧៥ មានសមាជិក ១២៦រូប, សភាតំណាងប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ មានសមាជិក ២៥០រូប, សភាសាធារណរដ្ឋប្រជាមានិតកម្ពុជាពីឆ្នាំ១៩៨១-១៩៩៣ មានសមាជិក ១១៧រូប៕