(ភ្នំពេញ)៖ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៨ គឺជាព្រឹត្តិការណ៍ដ៏ធំមួយ រួមគ្នារវាងពិព័រណ៌ការងារថ្នាក់ជាតិ និងយុទ្ធនាការផលិតភាពជាតិលើកទី២ រៀបចំឡើងដើម្បីចូលរួមចំណែកក្នុងការអនុវត្តប្រកបដោយភាពជោគជ័យនូវគោលនយោបាយ យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវ គោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ សំដៅបង្កើនឱកាសការងារសមរម្យជូនដល់ប្រជាពលរដ្ឋកម្ពុជា លើកកម្ពស់ផលិតភាពការងារ ជំរុញការអភិវឌ្ឍជំនាញ និងធនធានមនុស្ស ព្រមទាំងពង្រីងអភិបាលកិច្ចទីផ្សារការងារជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ប្រកបដោយសមធម៌។
ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៨ គឺជាព្រឹត្តិការណ៍ថ្នាក់ជាតិលើកទី៨ ដែលមានរយៈពេលពីរថ្ងៃ ២៧-២៨ ខែតុលា ចាប់ពីម៉ោង០៨:០០ព្រឹក ដល់ម៉ោង០៨:០០ល្ងាច នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ព្រឹត្តិការណ៍ដ៏ធំនេះផងដែរ អាចចាត់ទុកថាជាកន្លែងជួបជុំដោយងាយស្រួលរវាងនិយោជក និងអ្នកស្វែងរកការងារធ្វើ ដើម្បីដាក់ពាក្យ និងសម្ភាសជ្រើសរើសបុគ្គលិកដោយផ្ទាល់នៅនឹងកន្លែង ហើយអាចធ្វើការចែករំលែកព័ត៌មានអំពីការអភិវឌ្ឍជំនាញ តម្រូវការជំនាញតាមមុខរបរ និងវិស័យដែលមានការលូតលាស់ខ្លាំងក្នុងទីផ្សារការងារកម្ពុជានាពេលបច្ចុប្បន្ន ព្រមទាំងការចែករំលែកចំណេះដឹងអំពីបទពិសោធន៍ល្អៗ សម្រាប់លើកកម្ពស់ផលិតភាពទៀតផង។
សូមបញ្ជាក់ផងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៨ បង្កើតឡើងដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមសហការរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ។ មិនតែប៉ុណ្ណោះព្រឹត្តិការណ៍នេះក៏មានការចូលរួមឧបត្ថម្ភដោយ ធនាគារ Canadia PLC, មីក្រូហិរញ្ញវត្ថុ Prince finance PLC, មីក្រូហិរញ្ញវត្ថុ Amret, ក្រុមហ៊ុន Beverage Company Ltd, ក្រុមហ៊ុន Chip Mong Group, ក្រុមហ៊ុន ISI Steel, ក្រុមហ៊ុនទូរស័ព្ទ Smart, ក្រុមហ៊ុន RMA, ក្រុមហ៊ុន Heniken , ក្រុមហ៊ុន Prince Group, ធនាគារ ភ្នំពេញពាណិជ្ជ, ក្រុមហ៊ុន True Money និងមានកិច្ចសហការពីបណ្តា ក្រុមហ៊ុន/សហគ្រាសប្រមាណ៨១ក្រុមហ៊ុន និងប្រើប្រាស់បញ្ជរសរុបប្រមាណ១៣៣ ។
សម្រាប់ម្ចាស់ក្រុមហ៊ុន គ្រឹះស្ថានអប់រំ សហគ្រាសមានបំណង់ចង់ចូលរួមជាវបញ្ជរដើម្បីជ្រើសរើសបុគ្គលិក ឬបង្ហាញពីផលិតផលក្រុមហ៊ុនរបស់ខ្លួន អាចទំនាក់ទំនងតាមលេខទូរស័ព្ទ 017 871 807/017 467 423/017 467 423 ឬលោកអ្នកអាចចូលទៅកាន់វេបសាយរបស់NEA តាមរយៈ www.event.nea.gov.kh៕