កម្លាំងអាវុធហត្ថ និងរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង បន្តប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ លើដងទន្លេមេគង្គមួយករណី នៅក្រុងស្ទឹងត្រែង ដកហូតបានឈើប្រណីតមួយចំនួន
04-09-2018 18:03
(ស្ទឹងត្រែង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយរដ្ឋបាលព្រៃឈើ នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចុះបង្ក្រាបបទល្មើសព្រៃឈើលើដងទន្លេមេគង្គមួយករណី ត្រង់ចំណុចវត្តហាងខូសួន ភូមិហាងខូសួន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។
មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើង ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្ដីទី នៃកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យបង្ក្រាបរាល់បទល្មើសខុសច្បាប់ទាំងអស់ឲ្យខាងតែបាន ក្នុងភូមិសាស្ដ្រដែលខ្លួនកាន់កាប់។
បើតាមលោកឧត្តមសេនីយ៍មេបញ្ជាការ ក្នុងប្រតិបតិ្ដការបង្ក្រាបនេះ កម្លាំងជំនាញឃាត់បានទូកមួយគ្រឿង ផ្ទុកឈើប្រណីតធ្នង់ចំនួន៣២ដុំ (មិនទាន់វាស់វែង) ប៉ុន្ដែជនសង្ស័យបានរត់គេចខ្លួន បាត់ស្រមោល។
ក្រោយបង្ក្រាបបាន បច្ចុប្បន្នឈើដែលជាវត្ថុតាងទាំងអស់នោះ ត្រូវបានប្រគល់ជូនសង្កាត់រដ្ឋបាលព្រៃឈើដឹកជញ្ជូនយកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមច្បាប់៕