(កំពង់ចាម)៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន២ករណី នៅស្រុកកំពង់សៀម និងស្រុកព្រៃឈរ ដោយឃាត់ខ្លួនជនសង្ស័យ១១នាក់ និងដកហូតវត្ថុតាងបានមួយចំនួនផងដែរ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើឡើងដោយកម្លាំងជំនាញខេត្ត សហការជាមួយជំនាញស្រុកកំពង់សៀម និងព្រៃឈរ ចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន០២ករណី ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្រោយប្រតិបត្តិការ កម្លាំងជំនាញដកហូតបាន ម្សៅក្រាមពណ៌ស ចំនួន០៦កញ្ចប់ (ធំ០២កញ្ចប់ តូច០៤កញ្ចប់), ជញ្ជីងអេឡិចត្រូនិច០១គ្រឿង, សម្ភារវេចខ្ចប់មួយចំនួន, ទូរស័ព្ទចំនួន១១គ្រឿង និងម៉ូតូចំនួន០៨គ្រឿង។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅ ការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕