(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នាយស្តីទីសេនាធិការចម្រុះ និងជាមេបញ្ជាការស្តីទីកងទ័ពជើងគោក នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ បានអញ្ជើញពិធីបិទវគ្គបំប៉នជំនាញសង្គ្រោះបន្ទាន់ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មន្ត្រីនគរបាលបង្ការ និងពន្លត់អគ្គិភ័យ អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ នៅកងពលតូចលេខ៧០។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា ការបោះឆ្នោតដែលទើបតែកន្លងផុតទៅថ្មីៗនេះ គឺប្រព្រឹត្តទៅដោយសន្តិភាព និងសុវត្ថិភាព។ ប្រជាពលរដ្ឋជាង៨៣% បានអញ្ជើញទៅបោះឆ្នោត ខណៈមានការឃោសនាមិនឲ្យទៅបោះឆ្នោតក្តី។ នេះបង្ហាញថា ប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលប់បានយល់ច្បាស់ និងស្រឡាញ់សន្តិភាព ស្ថេរភាព ព្រោះប្រជាពលរដ្ឋបានឲ្យតម្លៃ ទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់។
លោកបញ្ជាក់ថា «បងប្អូនកម្លាំងប្រដាប់អាវុធក៏ចង់ឲ្យប្រទេសមានសុខសន្តិភាព ហើយក៏បានខិតខំចូលរួមការពារសុខសន្តិភាព និងបម្រើប្រជាជន គឺកងកម្លាំងប្រដាប់អាវុធ ខិតខំធ្វើការបម្រើការពារប្រជាពលរដ្ឋមិនថា ថ្ងៃឈប់សំរាក ឬថ្ងៃបុណ្យទាននោះទេ»។
បើតាមលោកឧត្តមសេនីយ៍ ការបណ្ដុះបណ្ដាលថ្ងៃនេះ គឺមានសារសំខាន់ណាស់ ព្រោះការសង្គ្រោះជីវិតមនុស្សសំខាន់ដោយពឹងផ្អែកទៅលើអ្នកជួយសង្គ្រោះនិងសម្ភារបរិក្ខារគ្រប់គ្រាន់។ ការចូលរួមវគ្គបណ្ដុះបណ្ដាលនេះ កងកម្លាំងយើងបានចូលរួមបម្រើ និងសង្គ្រោះជីវិតប្រជាពលរដ្ឋគ្រប់បែបយ៉ាងទាំងគ្រោះមន្តរាយធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗ ព្រមទាំងបានកាត់បន្ថយអត្រាគ្រោះថ្នាក់ ចរាចរណ៍ស្របតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ក្រោមប្រធានបទថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍។
លោកថា «កងទ័ពកើតចេញពីប្រជាជន និងដើម្បីប្រជាជនទាំងនៅពេលសង្គ្រាម និងសន្តិភាព។ តម្លៃនៃការលះបង់របស់កងទ័ព គឺជាកិត្តិយសរបស់កងទ័ព គឺជាធនធានជាតិដ៏ចាំបាច់បំផុត ដែលត្រូវយកចិត្តទុកដាក់ថែរក្សា និងអប់រំបណ្ដុះបណ្ដាលសមត្ថភាពជាប់ជាប្រចាំ។ ដើម្បីបន្តពង្រឹងការកសាងធនធានមនុស្ស ក្នុងវិស័យការពារជាតិកងកម្លាំងប្រដាប់អាវុធ ត្រូវតែធ្វើការកែទម្រង់ដោយឈរលើ គោលការណ៍សាមគ្គីភាពឯកភាពផ្ទៃក្នុងជាពិសេសទៅលើប្រព័ន្ធអប់រំ យោធិនត្រូវតែកែសម្រួលសំដៅបង្កើនប្រសិទ្ធភាព នៅក្នុងការបណ្ដុះបណ្ដាលយោធិនអាជីពនៃការហ្វឹកហ្វឺនជំនាញឯកទេសផ្សេងៗ»។
ជាមួយគ្នានេះ លោកបានថ្លែងទៀតថា ការត្រៀមលក្ខណៈហ្វឹកហ្វឺនបំពេញសមត្ថភាព និងសព្វាវុធជាប់ជានិច្ច គឺជាភារកិច្ចដ៏សំខាន់របស់កងកម្លាំងប្រដាប់អាវុធ មិនចាំតែពេលមានសង្គ្រាម ឬប្រឆាំងនឹងសត្រូវប្រដាប់អាវុធនោះទេ។ ដូច្នេះសូមអង្គភាពនីមួយៗយកចិត្តទុកដាក់លើការងារនេះ ក្នុងការបម្រើនិងសង្គ្រោះប្រជាពលរដ្ឋគ្រប់ពេលវេលា។ «ខ្ញុំមានសុទិដ្ឋិនិយមថា ការហ្វឹកហ្វឺនជំនាញឯកទេសផ្សេងៗ ក្នុងកងយុទ្ធពលខេមរភូមិន្ទ នគរបាលជាតិ កងរាជអាវុធហត្ថ នៅតែជាកិច្ចការសំខាន់ និងចាំបាច់បំផុតដែលទាមទារឲ្យយើងទាំងអស់គ្នាត្រូវតែខិតខំពុះពារបាន។ ហេតុនេះការហ្វឹកហ្វឺនបំប៉នជំនាញឯកទេសសង្គ្រោះឆ្នាំ២០១៨ នាឱកាសនេះ គឺពិតជាបានរួមចំណែកលើកកម្ពស់ចំណេះដឹង និងចំណេះធ្វើដល់កងកម្លាំងមានសមត្ថកិច្ចរបស់យើងផង និងរក្សាបាននូវផ្នត់គំនិតត្រៀមបង្ការទុកជាមុនផង ដើម្បីឆ្លើយតបសំណូមពរភារកិច្ចចាំបាច់ចំពោះមុខ»។
លោកបន្តថា «ខ្ញុំសង្ឃឹមថាបងប្អូនសិក្ខាកាមទាំងអស់ ដែលបានបញ្ចប់ការហ្វឹកហ្វឺននេះ យកចំណេះដឹងជំនាញរបស់ខ្លួនទៅបំពេញភារកិច្ចឲ្យកាន់តែមានប្រសិទ្ធិភាព ក្នុងការជួយប្រជាពលរដ្ឋរបស់យើង និងនៅក្នុងការចែករំលែកចំណេះដឹងជំនាញ និងបទពិសោធន៍ជូនដល់មិត្តភក្តិនិងអង្គភាពរបស់ខ្លួន។ ព្រោះការហ្វឹកហ្វឺនមិនចាំបាច់តែធ្វើនៅក្នុងកងពលតូចលេខ ៧០ ឬនៅទីសាលានោះទេ ការស្វ័យសិក្សាគឺមានសារសំខាន់ ដើម្បីត្រៀមហ្វឹកហ្វឺន និងចែករំលែកជំនាញបទពិសោធន៍ថ្មីៗគឺសំខាន់ណាស់»។
លោកឧត្តមសេនីយ៍ ក៏សូមអរគុណចំពោះអង្គភាពដែលពាក់ព័ន្ធទាំងអស់ ដែលខិតខំរៀបចំវគ្គហ្វឹកហ្វឺនដ៏មានសារសំខាន់នេះ ដល់កងកម្លាំងនៅកងពលតូចលេខ៧០ ក៏ដូចជា នគរបាលជាតិដើម្បីជួយផ្ទាល់ដល់ជីវិតប្រជាពលរដ្ឋ៕