(ត្បូងឃ្មុំ) ៖ នាព្រឹកថ្ងៃ អង្គារ៍ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យក្រុមការងារដឹកនាំដោយលោកវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ រួមដំណើរដោយលោក លី ឡេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ចំនួន ៣០០គ្រួសារ នៅក្នុងឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកវេជ្ជ. បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្ដីនឹករលឹក និងសារអំពាវនាវពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ ថែទាំសុខភាពរស់នៅប្រចាំថ្ងៃ ដោយបរិភោគទឹកស្អាត ត្រូវមើលថែទាំចាស់ជរា ជនពិការ និងកូនតូចៗឱ្យបានល្អកុំឲ្យលង់ទឹក ត្រូវប្រុងប្រយ័ត្នចំពោះសត្វអាសិរពិសគ្រប់ប្រភេទ ជាពិសេសមុនឡើងលើផ្ទះ និងមុនពេលចូលដំណេក។ ពេលទឹកស្រកទៅវិញ សុំបងប្អូនសម្អាតបរិស្ថានឲ្យបានស្អាត បំបាត់ទឹកដក់ សំរាមស្អុយរលួយ ដើម្បីជៀសវាងការកើតជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ និងជំងឺផ្សេងៗទៀត និងនាំគ្នាឆាប់បង្កបង្កើនផល ដើម្បីកសាងសេដ្ឋកិច្ចគ្រួសារឡើងវិញ។ រាល់ពេលមានបញ្ហាសុខភាព សូមបងប្អូនប្រញាប់ទៅរកពេទ្យដែលមានវិជ្ជាជីវៈត្រឹមត្រូវឲ្យបានឆាប់រហ័ស។
តំណាងឲ្យប្រជាពលរដ្ឋរងគ្រោះដែលបានមកទទួលអំណោយពីកាកបាទក្រហមកម្ពុជា លោក លី ឡេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលតែងតែគិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលមានទុក្ខលំបាក និងជីវភាពខ្វះខាតគ្រប់ពេលដោយមិនរើសអើងវណ្ណៈ ជាតិសាសន៍ ឬនិន្នាការនយោបាយ ។
អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សម្រាប់ចែកជូននៅពេលនេះ ក្នុងគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ និងក្រមា១ ។ ដោយឡែកគ្រួសារនីមួយៗ ទទួលបានបន្ថែមមុងសុវត្តិភាព ១ទៀត ដែលជាអំណោយរបស់កាកបាទក្រហមចិន ខេត្តក្វាងស៊ី ។
សូមជម្រាបជូនថា ចាប់ពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៨ រហូតមកដល់ថ្ងៃនេះ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់តាមបណ្ដាខេត្តចំនួន ១៥ ក្នុងចំណោមរាជធានី ខេត្តទាំង ២៥ នៃព្រះរាជាណាចក្រកម្ពុជា បើគិតជាគ្រួសារបានសរុបចំនួន ៣ ម៉ឺនគ្រួសារ ៕