(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបន្ដចុះត្រួតពិនិត្យគោលដៅ អគារស្នាក់នៅរបស់ជនបរទេសហាងកាហ្វេ ផ្ទះជួល ស្ថិតផ្លូវលេខ៣៦៩ ភូមិច្រាំងបាក់សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីពិនិត្យការស្នាក់នៅរបស់ជនបរទេស។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានឲ្យដឹងថា ប្រតិបត្តិការនៅរសៀលថ្ងៃនេះ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថិតក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន កម្លាំងជំនាញបានពិនិត្យឃើញជនបរទេសចំនួន១៥នាក់ ស្រី០៦នាក់ ជាជនជាតិវៀតណាម បានលួចឆ្លងដែនចូលមកស្នាក់នៅ និងកំពុងកាន់កាប់ប្រើប្រាស់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី។
ក្រោយឃាត់ខ្លួន ក្រុមប្រតិបត្តិការបាននាំខ្លួនជនជាតិវៀតណាមទាំង ចំនួន១៥នាក់ ខាងលើមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីបន្ត៕