(ចិន)៖ ស្ពានមិត្តភាពចិន-ម៉ាល់ឌីវ ដែលជាស្ពានឆ្លងសមុទ្រដំបូងបង្អស់ នៅប្រទេសម៉ាល់ឌីវ បានបើកឱ្យឆ្លងកាត់ហើយ កាលពីល្ងាចថ្ងៃព្រហស្បតិ៍កន្លងទៅ។
ស្ពាននេះ តភ្ជាប់កោះម៉ាឡេ ដែលជារដ្ឋធានីរបស់ម៉ាល់ឌីវ ជាមួយកោះ ហ៊ុលហ៊ូឡេ ដែលមានព្រលានយន្តហោះអន្តរជាតិ ដ៏សំខាន់របស់ប្រទេសម៉ាល់ឌីវ។
ស្ពានប្រវែង២គីឡូម៉ែតនេះ ជួយឱ្យប្រជាពលរដ្ឋមូលដ្ឋាន និងអ្នកទេសចរ អាចធ្វើដំណើរទៅមករវាងកោះទាំងពីរ ដោយចំណាយពេលត្រឹមតែ៥នាទីប៉ុណ្ណោះ។
ប្រធានាធិបតីប្រទេសម៉ាល់ឌីវ លោក អាប់ឌុលឡា យ៉ាមីន និងប្រតិភូតំណាងរដ្ឋាភិបាលចិន និងប្រធានភ្នាក់ងារសហប្រតិបតិ្តការអភិវឌ្ឍអន្តរជាតិចិន លោក វ៉ាង សៀវថាវ បានចូលរួមក្នុងពិធីបើកដំណើរការស្ពាននេះ។
លោកប្រធានាធិបតី យ៉ាមីន បានបង្ហាញការដឹងគុណរបស់លោកចំពោះរដ្ឋាភិបាលចិន ដែលបានជួយសាងសង់ស្ពានឆ្លងសមុទ្រដំបូងគេបង្អស់ របស់ប្រទេសម៉ាល់ឌីវនេះ ហើយលោកជឿថា ស្ពាននេះនឹងផ្តល់ភាពងាយស្រួលកាន់តែច្រើន មកជូនដល់ប្រជាពលរដ្ឋម៉ាល់ឌីវ។
លោក អាប់ឌុលឡា យ៉ាមីន ប្រធានាធិបតីប្រទេសម៉ាល់ឌីវ ថ្លែងថា «ពួកយើងយល់ឃើញថា ពិធីបើកដំណើរការស្ពានចិន-ម៉ាល់ឌីវនេះ គឺជាការបើកផ្លូវថ្មីមួយ ជាផ្លូវឆ្ពោះទៅអនាគត និងឱកាសជាច្រើន។ យើងបានសាងសង់ផ្លូវនេះឡើង ដើម្បីបំពេញចន្លោះប្រហោងនៃការអភិវឌ្ឍ ជាប្រហោងដែលបានរារាំងពួកយើងអស់ជាច្រើនឆ្នាំមកហើយ។ ទីបំផុត យើងក៏អាចធ្វើឱ្យជីវិតកាន់តែងាយស្រួល សម្រាប់សិស្សានុសិស្សដែលពីមុន ធ្លាប់តែត្រូវឆ្លងសមុទ្រ ហាល់ខ្យល់ហាលភ្លៀង ដើម្បីទៅប្រលង និងសម្រាប់ជនចាស់ជរាក៏ដូចជាជនពិការទាំងឡាយ ដែលត្រូវការធ្វើដំណើរទៅព្រលានយន្តហោះនិងមន្ទីរពេទ្យ»។
លោក វ៉ាង បានហៅស្ពានមិត្តភាពចិន-ម៉ាល់ឌីវនេះ ថាជាគម្រោងទ្វេភាគីគំរូមួយ រវាងប្រទេសទាំងពីរ ហើយក៏ជាចំនុចចាប់ផ្តើមថ្មីមួយនៃចំណងការទូតផងដែរ។
លោក វ៉ាង សៀវថាវ ប្រតិភូតំណាងរដ្ឋាភិបាលចិន និងប្រធានភ្នាក់ងារសហប្រតិបតិ្តការអភិវឌ្ឍអន្តរជាតិចិន បានថ្លែងថា «ស្ពានមិត្តភាពចិន-ម៉ាល់ឌីវ គឺជាស្ពានឆ្លងសមុទ្រដំបូងគេបង្អស់នៅប្រទេសម៉ាល់ឌីវ ហើយវាបានធ្វើឱ្យក្តីសុបិន្តរបស់ប្រជាពលរដ្ឋម៉ាល់ឌីវ ដែលធ្លាប់ស្រមៃចង់បានជាយូរមកហើយនោះ ក្លាយជាការពិត។ ស្ពាននេះ មិនត្រឹមតែតភ្ជាប់កោះទាំងពីរនៅម៉ាល់ឌីវប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឱ្យប្រជាពលរដ្ឋនៅលើកោះទាំងពីរ កាន់តែជិតស្និទ្ធជាមួយគ្នា ដោយពួកគាត់មានបំណងល្អ ចង់បានភាពរុងរឿងរីកចម្រើន ដូចៗគ្នា។ ស្ពាននេះ នឹងប្រាកដជាក្លាយជាសញ្ញាមួយដែលតំណាងឱ្យមិត្តភាពរវាងប្រទេសចិននិងប្រទេសម៉ាល់ឌីវ នៅក្នុងយុគសម័យថ្មីនេះ»។
សិល្បៈករមកពីប្រទេសទាំងពីរ ក៏បានចូលរួមសម្តែងសិល្បៈ ដើម្បីបើកពិធីនេះផងដែរ។
ការសាងសង់ស្ពានមិត្តភាពចិន-ម៉ាល់ឌីវ បានចាប់ផ្តើមកាលពីចុងឆ្នាំ២០១៥ ហើយក្រុមហ៊ុនចិនវិស្វកម្មកំពង់ផែទីពីរ CCCC ខូអិលធីឌី គឺជាអ្នកគ្រប់គ្រងផ្នែកវិស្វកម្ម ផ្គត់ផ្គង់ និងសាងសង់៕ (សារព័ត៌មាន CCTV របស់ចិន)