(ភ្នំពេញ)៖ វីរកីឡាករជម្រើសជាតិកម្ពុជា ដែលជាម្ចាស់ជើងឯកផ្នែកម៉ូតូទឹក របស់សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ក្នុងព្រឹត្តិការណ៍អាស៊ីហ្គេម លើកទី១៨ មុននឹងបានចូលខ្លួនបំបែកឯតទគ្គកម្មជាប្រវត្តិសាស្រ្តជូនមាតុភូមិកម្ពុជា ជាមួយនឹងមេដាយមាស និងសំរឹទ្ធ នាឆ្នាំ២០១៨នេះ សាលី អ៊ូមើត គឺជាម្ចាស់ពានមេដាយមាស ដល់ទៅ៣ឆ្នាំ ជាប់គ្នារបស់ក្លឹប Flamingo Jet Ski ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកជើងឯកលំដាប់ពិភពលោក នៅឆ្នាំ២០១១, ២០១២ និង២០១៣ ដែលមហាព្រឹត្តិការណ៍នេះធ្វើឡើងនៅសហរដ្ឋអាមេរិក ដែលមានកីឡាជម្រើសជាតិ នៃបណ្តាប្រទេសជាង៦០នៅលើសកលលោកចូលរួម។
នេះជាការលើកឡើងដោយផ្ទាល់របស់លោក សាលី អូមើត ក្នុងឱកាសដែលលោក ជាមួយថ្នាក់ដឹកនាំ ស្ថាបនិក សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម ជាមួយលោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាទីប្រឹក្សាជាន់ខ្ពស់របស់ សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨។
សាលី អ៊ូមើត បន្តថា លោកកំពុងរៀបចំខ្លួន ត្រៀមចេញទៅប្រកួតដណ្តើមពានមេដាយមាសរបស់ខ្លួនមកវិញ ក្នុងនាមកីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា បន្ទាប់ពីអាកខានមិនបានប្រកួតដល់ទៅ៤ឆ្នាំជាប់ៗគ្នា ពីឆ្នាំ២០១៤ ដល់២០១៧ ក្នុងនាមក្លឹប Flamingo Jet Ski ដោយសារតែមានបញ្ហារបួសស្មា ហើយការត្រៀមខ្លួននេះដើម្បីបំបែកឯកត្តទកម្មជាប្រវត្តិសាស្រ្តមួយទៀតរបស់កម្ពុជា ឲ្យទទួលបានមេដាយមាសលើកីឡាម៉ូតូទឹកលំដាប់ពិភពលោក។
ជាមួយគ្នានេះ លោកឧកញ៉ា អូស្មាន ហាស្សាន់ បានលើកឡើងថា ក្នុងនាមជាស្ថាបនិក ក៏ដូចជាទីប្រឹក្សាជាន់ខ្ពស់របស់សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ពិតជាមានមោទនភាពយ៉ាងក្រៃលែង និងកោតសរសើរចំពោះលទ្ធផលជោគជ័យជាប្រវត្តិសាស្រ្ត ដែលកើតឡើងក្រោមកិច្ចខិតខំប្រឹងប្រែង ប្រកបដោយភាពអត់ធ្មត់ខ្ពស់ របស់វីរកីឡាករជម្រើសជាតិកម្ពុជា ជាមួយនឹងក្របខណ្ឌបច្ចេកទេសជំនាញពិតប្រាកដ និងយ៉ាងម៉ត់ចត់ដែលមានសក្តានុពលក្នុងកម្រិតពិភពលោក។
បន្ទាប់ពីថ្លែងអំណរគុណដល់ប្រធានសហព័ន្ធកីឡាម៉ូទឹកកម្ពុជា លោក ណុះ ស្លេះ ដែលជាអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា, លោកឧកញ៉ា អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណដល់ លោក Karl Heinrich Knauf ជាម្ចាស់ឃ្លឹប Flamingo Jet Ski ដែលបានរ៉ាប់រង ស្ទើរតែទាំងស្រុងដល់សហព័ន្ធ សម្រាប់ព្រឹត្តិការណ៍ Asian Games លើកទី១៨នេះ ទាំងថវិកា និងបច្ចេកទេស ជាពិសេសគឺការផ្តល់ជូនគ្រូបង្វឹកប្រចាំក្លឹបរបស់ខ្លួនលំដាប់ពិភពលោក គឺលោក Talakuran Chris ជាអ្នកបណ្តុះបណ្តាលដល់វីរកីឡាករជម្រើសជាតិកម្ពុជា រហូតបានទទួលជោគជ័យជាប្រវត្តិសាស្រ្ត។
ថ្លែងទៅកាន់ម្ចាស់មេដាយមាស និងសំរឹទ្ធ ព្រមទាំងស្ថាបនិកសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ពីភាពជោគជ័យដ៏ត្រចះត្រចង់ មកដល់ថ្ងៃនេះ គឺដោយសារតែការផ្តល់នូវកម្លាំងចិត្ត និងស្មារតីជ្រោមជ្រែង យ៉ាងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ដែលរងចាំទទួលស្វាគមន៍ដោយភាពកក់ក្តៅដល់ការអញ្ជើញនិវត្តន៍របស់វីរកីឡាករ កីឡាការិនី នៅឯវិមានសន្តិភាព នាល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញ ជាមួយនឹងអនុសាសន៍ផ្តល់កម្លាំងចិត្ត និងផ្តល់រង្វាន់លើកទឹកចិត្តយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ៕