(ភ្នំពេញ)៖ លោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍តំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញរៀបចំសិក្ខាសាលា ពិគ្រោះយោបល់បច្ចេកទេសលើសេចក្ដីព្រាង «ស្ដង់ដាសេវាកម្មស្ប៉ា-ម៉ាស្សាកម្ពុជា» អមជាមួយការណែនាំសេចក្ដីជូនដំណឹងស្ដីពី «ការដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្ដង់ដាសេវាកម្មស្ប៉ា-ម៉ាស្សាអាស៊ាន»។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រី មន្ត្រីរាជការក្រសួងទេសចរណ៍ មន្ត្រីជំនាញមន្ទីរទេសចរណ៍រាជធានី-ខេត្ត និងប្រតិបត្តិករម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងរាជធានីភ្នំពេញ ប្រមាណជាង២០០នាក់ ផងដែរ។
ថ្លែងក្នុងសិក្ខាសាលាលោក ណេប សាមុត បានជម្រាបជូនអង្គពិធីអំពីយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ ក្នុងការរៀបចំពង្រឹងគុណភាព សេវាកម្មទេសចរណ៍ «សេវាកម្មមួយ ស្ដង់ដាមួយ- One Service, One Standard» ដែលមានលក្ខណៈបន្ស៊ី ទៅនឹងស្ដង់ដារបស់អាស៊ាន ដើម្បីធានាអំពីការផ្គត់ផ្គង់សេវាកម្មស្ប៉ា-ម៉ាស្សាកម្ពុជា មានគុណភាពអាចឆ្លើយតបទៅនឹងការកំណត់ ជាយុទ្ធសាស្ត្ររបស់អាស៊ាន។
គួររំលឹកផងដែរថា កន្លងមកក្រសួងទេសចរណ៍បានដាក់ចេញនូវ៖
* ស្ដង់ដាទីក្រុងស្អាត
* ស្តង់ដាបដិសណ្ឋារកិច្ចល្អ
* ស្តង់ដាសណ្ឋាគារបៃតង
* ស្តង់ដាផ្ទះស្នាក់កម្ពុជា
* ស្តង់ដាសហគមន៍ទេសចរណ៍
* ស្តង់ដាកាណូតទេសចរណ៍
* ស្តង់ដាបង្គន់សាធារណៈកម្ពុជា
* ប្រព័ន្ធចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍
* ប្រព័ន្ធចំណាត់ថ្នាក់ភោជនីយដ្ឋាន និងអាហារដ្ឋាន
* ប្រព័ន្ធចំណាត់ថ្នាក់សេវាកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ
* ប្រព័ន្ធចំណាត់ថ្នាក់រមណីយដ្ឋានទេសចរណ៍។ល។
លោក ណេប សាមុត បានបន្តថា ស្ដង់ដាសេវាកម្មស្ប៉ា-ម៉ាស្សាកម្ពុជា ត្រូវបានសិក្សាផ្គុំឡើងដោយសូចនាករគោលចំនួន០៧គឺទី១៖ សូចនាករគោលអំពីទីតាំង ស្ថាបត្យកម្ម និងទិដ្ឋភាពទូទៅ, ទី២៖ សូចនាករគោលអំពីសេវាបម្រើ, ទី៣៖ សូចនាករគោលអំពីបុគ្គលិកបម្រើការ, ទី៤៖ សូចនាករគោលអំពីផលិតផល, ទី៥៖ សូចនាករគោល អំពីឧបករណ៍ និងសម្ភារៈប្រើប្រាស់, ទី៦៖ សូចនាករគោលអំពីការ គ្រប់គ្រងអាជីវកម្ម និងទី៧៖ សូចនាករគោល អំពីការគ្រប់គ្រងបរិស្ថាន។ សូចនាករគោលទាំង៧នេះ ត្រូវបានបែងចែកបន្តជា២០២ លក្ខណៈវិនិច្ឆ័យស្មើនឹងពិន្ទុសរុបចំនួន៥៨០ពិន្ទុ។
ស្តង់ដាសេវាកម្មស្ប៉ា-ម៉ាស្សាកម្ពុជា មានការបែងចែកកម្រិតជ័យលាភីជា៥កម្រិត គឺ៖
* ថ្នាក់ផ្កាយ១ (កម្រិតថ្នាក់ទាបជាងគេ) នឹងត្រូវប្រគល់ជូនជ័យលាភីដែលទទួលបានពិន្ទុចន្លោះពី៤០% ទៅ៥០% នៃពិន្ទុសរុប។
* ថ្នាក់ផ្កាយ២ ត្រូវប្រគល់ជូនជ័យលាភី ដែលទទួលបានពិន្ទុចន្លោះពី៥១% ទៅ៦០% នៃពិន្ទុសរុប។
* ថ្នាក់ផ្កាយ៣ ត្រូវប្រគល់ជូនជ័យលាភី ដែលទទួលបានពិន្ទុចន្លោះពី៦១% ទៅ៧០% នៃពិន្ទុសរុប។
* ថ្នាក់ផ្កាយ៤ ត្រូវប្រគល់ជូនជ័យលាភី ដែលទទួលបានពិន្ទុចន្លោះពី៧១% ទៅ៩០% នៃពិន្ទុសរុប។
* ថ្នាក់ផ្កាយ៥ (កម្រិតថ្នាក់ខ្ពស់ជាងគេ) នឹងត្រូវប្រគល់ជូនជ័យលាភី ដែលទទួលបានពិន្ទុចន្លោះពី៩១% ទៅ១០០% នៃពិន្ទុសរុប។
ជ័យលាភី នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ចំណាត់ថ្នាក់ និងផ្លាកសញ្ញាចំណាត់ថ្នាក់ទៅតាមកម្រិតចំណាត់ថ្នាក់ ដែលទទួលបានតាមរយៈលទ្ធផល នៃការវាយតម្លៃ៕