(បាត់ដំបង)៖ មន្រ្តីកាំកុងត្រូលសាខាខេត្តបាត់ដំបង នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ដោយមានការចូលរួមពីលោកអភិបាលស្រុកសំឡូត បានចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារដែលដាក់ សារធាតុគីមី ហាមឃាត់នៅផ្សារសំឡូត ស្រុកសំឡូត និងផ្សារត្រែង ស្រុករតនមណ្ឌល ដោយដកហូតទំនិញខូចគុណភាពចំរុះសរុបប្រមាណ៧៧គីឡូក្រាម យកមករក្សាទុកនៅសាខាដើម្បីដុតកម្ទេចចោលនៅពេលក្រោយ។
លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូល បានឲ្យដឹងថា ដើម្បីទប់ស្កាត់រាល់ទំនិញខូចគុណភាព និងសុខភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ មន្រ្តីជំនាញយើងបានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ដោយមានការចូលរួមពីលោកអភិបាលស្រុកសំឡូត បានចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុគីមីហាម ឃាត់នៅផ្សារសំឡូត ស្រុកសំឡូត និងផ្សារត្រែងស្រុករតនមណ្ឌល ដោយដកហូតទំនិញខូចគុណភាពចំរុះសរុបប្រមាណ៧៧គីឡូក្រាម។
លោកប្រធានបានបញ្ជាក់ថា «មន្រ្តីជំនាញយើងនៅតែបន្តចុះអប់រំ ផ្សព្វផ្សាយ ពីផលប៉ះពាល់សុខភាពដោយសារចំណីអាហារ ដាក់លក់នៅលើទីផ្សារ និងធ្វើការត្រួតពិនិត្យរាល់ការនាំចូល និងការដាក់តាំងលក់ទំនិញខូចគុណភាព ដាក់លាយសារធាតុគីមី គ្មានកាលបរិច្ឆេទច្បាស់លាស់មិនឲ្យមានធ្វើចរាចរណ៍លក់ដូរនៅលើទីផ្សារបន្តទៀត ហើយបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នមុននឹងទិញទំនិញលើទីផ្សារ ពិសេសចំណីអាហារប្រចាំថ្ងៃសូមពិនិត្យឲ្យបានច្បាស់លាស់ជាមុនសិន ជៀសវាងប៉ះទំនិញខូចគុណភាព ធ្វើឲ្យប៉ះពាល់សុខភាពបងប្អូនទៅថ្ងៃក្រោយ»៕