(ភ្នំពេញ)៖ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងសហការី នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចុះសាកសួរសុខទុក្ខ និងប្រគល់អំណោយរបស់សប្បុរសជនមកពីរដ្ឋគុយវ៉ែត តាមរយៈអង្គការពិភពលោកនៃក្តីមេត្តា ជូនដល់ជនរងគ្រោះដោយសារទឹកជំនន់៤០០គ្រួសារ នៅសង្កាត់ច្រាំងចំរេះ១ និងច្រាំងចំរេះ២ ដែលក្នុង១គ្រួសារទទួលបាន អង្ករ១៥គីឡូក្រាម, ស្ករស១គីឡូក្រាម, ប្រេងឆា១លីត្រ, ត្រីខ៤កំប៉ុង និងមី១០កញ្ចប់។
បន្ទាប់ពីមតិស្វាគមន៍ និងចំណាប់អារម្មណ៍ របស់លោក WAEIL EL MOURSI ប្រធានអង្គការពិភពលោកនៃក្តីមេត្តាប្រចាំកម្ពុជា លោកឧកញ៉ា អូស្មាន ហាស្សាន់ បានលើកឡើងថា ជាការពិតដោយសារតែយើងបានរួមរស់នៅក្រោមម្លប់សន្តិភាពនៃកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទើបបានជារាល់ទុក្ខលំបាកនានារបស់ប្រជាពលរដ្ឋ តែងតែត្រូវបានទទួលការគាំពារ ការយកចិត្តទុកដាក់ពីសំណាក់ពីប្រមុខដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាដៃគូរអង្គការសមាគមជាតិ និងអន្តរជាតិ ស្រុះដៃគ្នា ក្នុងការចូលរួមដោះស្រាយរាល់ទុក្ខលំបាក ដោយការគៀងគរមូលនិធិមនុស្សធម៌ ចុះជួយប្រជាពលរដ្ឋយើងបានទាន់ពេលវេលា។
ត្បិតកញ្ចប់អំណោយថ្ងៃនេះ ជាផ្នែកមួយនៃការចូលរួមពីសប្បុរសជន ដើម្បីរួមចំណែកដោះស្រាយបន្ទុករបស់បងប្អូនបានមួយចំនួន តែនេះក៏មិនមែនជា លើកទី១ទេ ដែលបងប្អូនតែងតែបានទទួលអំណោយនានា ពីអង្គការនេះក្តី និងអង្គការ សមាគមដទៃទៀត ក៏ដូចជាពីអាជ្ញាធរមូលដ្ឋានដែលទាំងនេះ គឺជាការបង្ហាញពីសមានចិត្ត និងក្តីស្រលាញ់យ៉ាងពិតប្រាកដរបស់រាជរដ្ឋាភិបាល របស់អង្គការសមាគម ដល់បងប្អូនគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ៕