(ពោធិ៍សាត់)៖ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោ សហការជាមួយកម្លាំងប្រជាការពារ បានស្ទាក់ចាប់មុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដកហូតនូវឧបករណ៍ ប្រើប្រាស់គ្រឿងញៀនបានមួយចំនួន និងរកឃើញគ្រាប់ដៃចំនួន ០៣គ្រាប់ថែមទៀត។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចចំការមួយកន្លែង ស្ថិតក្នុងភូមិព្រៃតោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក នាង វុធ អធិការនគរបាលស្រុកបាកានបានឲ្យដឹងថា កម្លាំងរបស់បានឃាត់ខ្លួនជនសង្ស័យ ទី១ ឈ្មោះ យឿន ពៅ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិព្រៃតោ ឃុំតាលោ ស្រុកបាកាន និងទី២ ឈ្មោះ ថាន់ តូ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិស្ដុកខ្លា ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោកអធិកាបន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើនោះដែរកម្លាំងបានចាប់ប្រមូលនូវវត្ថុតាងរួមមាន ឧបករណ៍សង្ស័យសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយកំប្លេ ទូរស័ព្ទដៃចំនួន ០១គ្រឿង ម៉ូតូម៉ាក Honda Dream c125 សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1D-6497 ចំនួន ០១គ្រឿង។
ដោយមានការសម្របសម្រួលពីតំណាងសាលាដំបូងខេត្ត កម្លាំងបន្តធ្វើការឆែកឆេរុករកឃើញគ្រាប់បែកដៃចំនួន ០៣គ្រាប់ថែមទៀត ហើយគ្រាប់ដៃទាំងនោះ ជាប្រភេទគ្រាប់ធុនក្រឡាផ្លែទៀប ចំនួន ០១គ្រាប់ និង០២គ្រាប់ទៀតជាប្រភេទផ្លែថ្ងាន់៕