(ស្វាយរៀង)៖ មានការភ្ញាក់ផ្អើលមួយនៅតាមផ្លូវជាតិលេខ១​ ត្រង់ចំណុចដេប៉ូឈើមួយកន្លែង ក្នុងភូមិសម្ភ័រ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ពេលមានស្ត្រីកូនខ្ចីម្នាក់ តូចចិត្តគ្មានលុយចិញ្ចឹមកូនស្រី ដែលទើបមានអាយុបាន៣ខែ។ ស្រ្តីរូបនេះ ក៏តូចចិត្តការដែលប្តីបានចេញទៅធ្វើកម្មករលីសែង នៅកន្លែងលក់ឈើ និងគ្រឿងសំណង់មួយកន្លែងបាត់ មិនព្រមមកផ្ទះ ទើបដាច់ចិត្តរត់ចូលរថយន្តដើម្បីសម្លាប់ខ្លួន វេលាម៉ោង១២៖៣០នាទីថ្ងៃទី៤ ខែកញ្ញា​ឆ្នាំ២០១៨នេះ។

បើតាមស្ត្រីគិតខ្លីប៉ងសម្លាប់ខ្លួនបានឱ្យដឹងថា រូបគេមានឈ្មោះ សូ មុំ រស់នៅក្នុងគ្រួសារក្រីក្រមួយក្នុងភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ត្រូវបានម្តាយឪពុកបង្កើតបងប្អូន កាត់កាលចោលព្រោះតែស្រឡាញ់ប្តី ដែលឪពុកម្តាយមិនពេញចិត្ត ហើយក៏សម្រេចចិត្តរត់ទៅរៀបការខាងប្តីបានជាង១ឆ្នាំមកហើយ ដោយជាប់ជាចំណងដៃកូនស្រីមួយ ទើបតែមានអាយុ៣ខែ ប៉ុណ្ណោះ។

ស្ត្រីអភ័ព្វគិតខ្លីរូបនេះ បានបន្តថា ខណៈដែលប្តីចេញទៅធ្វើជាកម្មករលីសែង នៅក្នុងដេប៉ូឈើមួយកន្លែង ស្ថិតនៅក្នុងភូមិសម្ភ័រឃុំសំបួរ ដើម្បីរកថវិការមកផ្គត់ផ្គង់ក្នុងគ្រួសារ តែក្តីសង្ឃឹមបានប្រែជារលាយសាបសូន្យ ដោយចាប់តាំងពីប្តីខ្លួនមកធ្វើការជាកម្មករ នៅកន្លែងដេប៉ូឈើនេះ មិនដែលទៅផ្ទះវិញទេ ហើយលុយកាក់ក៏មិនឃើញផ្ញើឱ្យដែរធ្វើឱ្យជីវភាព ក្នុងគ្រួសាររស់នៅក្នុងខ្ទមកំសត់ សូម្បីតែភ្លើងក៏គ្មានប្រើផងផ្ទះងងឹតសូន្យសុង ឮតែសំឡេងកង្កែបចង្រិតយំ ពេលរាត្រីសុខចិត្តយំឱបកូនខ្លី ស្រណោះខ្លួនរត់តាមប្តី តែប្តីមិននៅជួបជុំ ជីវិតហាក់បីដូចអស់សង្ឃឹមចង់តែស្លាប់ ដើម្បីផុតទុក្ខដ៏មហាសែនលំបាកមួយនេះ។

បើតាមសម្តីស្ត្រីដ៏អភ័ព្វនេះឈ្មោះ សូរ មុំ បានបន្ថែមទៀតថា ពេលដាំបាយគ្មានអង្ករច្រកឆ្នាំង រត់ទៅខ្ចីអង្ករអ្នកជិតខាងសង្ឃឹមបានលុយប្តី តែមិនឃើញប្តីមកក៏សម្រេចចិត្តជួលម៉ូតូឌុបជិះ មកតាមប្តីដើម្បីបានលុយខ្លះ ប៉ុន្តែមិនដូចបំណងប្រាថ្នាទាល់តែសោះ ខណៈមកជួបមុខប្តីបែរជាប្តីមិនព្រមទៅផ្ទះហើយ ​ចង់ចែកផ្លូវទៅទៀតតើឱ្យស្ត្រីណាមិនឈឺចិត្តទើបរូបនាងសំរេចរត់ចូលរថយន្ត និងម៉ូតូគេដើម្បីបញ្ចប់ជីវិត ដ៏ស្មុកស្មាញមួយនេះ។

អ្នកស្រី មុំ បានរៀបរាប់ទាំងទ្រហោយំទៀតថា ប្តីខ្លួនមានឈ្មោះ យស់ កាន អាយុ២៦ឆ្នាំ ជាអ្នកភូមិជាមួយគ្នាចាប់តាំងរៀបការ ជាមួយគ្នាបានជាងមួយឆ្នាំមកនេះ ពុំដែលវាយតប់នាងទេ ហើយកាលពីមិនទាន់មកធ្វើការកន្លែងលក់ឈើនេះ គេមានមុខរបរដើរតាមឡានដឹកឥដ្ឋ ហើយបានមកផ្ទះជួបជុំប្រពន្ធកូនរាល់ថ្ងៃ និងបានលុយចូលផ្ទះខ្លះតែចាប់តាំងប្តីខ្លួន មានមិត្តភក្កិធ្វើការនៅដេប៉ូឈើនេះ បានអូសទាញប្តី ឱ្យមកធ្វើការមិនទៅផ្ទះវិញទេ ធ្វើឱ្យនាងកំព្រារងាររស់នៅតែពីនាក់ម្តាយកូនយ៉ាងវេទនាជាពុនពេក។

ពាក់ព័ន្ធនឹងករណីនេះឈ្មោះ យស់ កាន ត្រូវជាប្តីរបស់នារី គិតខ្លី (សូ មុំ) បានបញ្ជាក់ថា ខ្លួនមិនបានរត់ចោលប្រពន្ធកូនទេ ដោយសារជីវភាពខ្វះខាត ចេញពីផ្ទះមកធ្វើកម្មករលីសែង ឱ្យគេនៅដេប៉ូឈើខាងលើនេះគ្រាន់ តែមិនបានទៅផ្ទះព្រោះរវល់ទៅតាមរថយន្ត ដឹកឥវ៉ាន់មកវិញ យប់មិនបានទៅផ្ទះវិញ តែប៉ុណ្ណោះហើយក៏មិនបានលែងលះគ្នាដែរ។

ក្រោយពីមានព្រឹត្តិការណ៍ភ្ញាក់ផ្អើលនេះ ប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានមកសាកសួរ និងធ្វើការអប់រំកុំឱ្យស្ត្រីគិតខ្លីនេះ ធ្វើអំពើឆោតល្ងង់បែបនេះតទៅទៀត និងត្រូវចេះស្រឡាញ់គ្រួសារ ជាពិសេសកូនដែលនៅតូចមិនដឹងអីហើយមករងគ្រោះ ដោយសារម្តាយគិតខ្លី៕