(ភ្នំពេញ)៖ ប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ ដែលមានរស់នៅក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ ប្រាកដណាស់នៅពេលខាងមុខនេះ និងទទួលបានអំណោយជួយសង្គ្រោះមិនខានឡើយ បន្ទាប់ពីលោក ជា ពិសី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឬស្សីកែវ និងជាអភិបាលខណ្ឌ ជាមួយមន្ត្រីពាក់ព័ន្ធ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅសាលាខណ្ឌ បានទទួលទេយ្យទាន មានជាគ្រឿងឧបភោគបរិភោគ សម្ភារមួយចំនួនធំ ដូចជាបច្ច័យចំនួន២លានរៀល អង្ករ១តោន ទឹកត្រី៥០យួរ ទឹកស៊ីអ៊ីវ៥០យួរ ទឹកសុទ្ធ៥០យួរ មី៥០កេស សាដកចំនួន២០ផងដែរ ពីព្រះតេជគុណ ច័ន្ទ សុភាព គង់នៅវត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) ដែលបានមកពីការចូលរួមឧបត្ថម្ភគាំទ្រពីពុទ្ធបរិស័ទ ជិតឆ្ងាយជាច្រើន ដើម្បីយកមករក្សាត្រៀមទុកចែកជូនក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោក ជា ពិសី បានថ្លែងថា លោកនឹងសន្យាបន្តពាំនាំយកនូវទេយ្យទាន មានជាបច្ច័យ គ្រឿងឧបភោគបរិភោគ និងសម្ភារដែលព្រះតេជគុណ ច័ន្ទ សុភាព បានឧបត្ថម្ភជួយមកអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌ ដើម្បីបន្តចែកជូនជួយសង្គ្រោះ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ឲ្យតែជាពលរដ្ឋងាយរងគ្រោះ រស់នៅលើទឹកដីនៃកម្ពុជា ក្នុងការចូលរួមលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីឲ្យស្របតាមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
លោក ជា ពិសី បានថ្លែងទៀតថា «ខ្ញុំព្រះករុណា ខ្ញុំជួសមុខឲ្យកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ខ្ញុំពិតជាមានមោទនភាពយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ព្រះតេជគុណ ច័ន្ទ សុភាព គង់នៅវត្តទួលសន្តិវ័ន ដោយតាមរយះលោក អ៊ំ សំបូរ ប្រធានការិយាល័យធម្មការ សាសនាខណ្ឌ បានផ្ដល់ជូននូវវប្បធម៌ចែករំលែក មកដល់អនុសាខាកាកបាទក្រហមកម្ពុជា ក្នុងបំណងចូលរួមគាំទ្រយ៉ាងពេញទំហឹងជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ»។
ព្រះតេជគុណ ច័ន្ទ សុភាព បានមានសង្សដីកា ដើម្បីសហការបរិច្ចាគនូវវប្បធម៌ចែករំលែក ក្នុងបំណងលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយើង ឲ្យកាន់តែមានភាពរីកចម្រើន លូតលាស់ទាំងវិស្ស័យពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព មានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស័យដូចសព្វថ្ងៃនេះ គឺសម្រាប់ទេយ្យទាន មានជាបច្ច័យក៍ដូចជាគ្រឿងឧបភោគបរិភោគ សម្ភារ និងត្រូវបានជួយផ្ដល់ជាបន្តបន្ទាប់ទៀតមកប្រគេនដល់អនុសាខាកាកបាទក្រហមកម្ពុជា ដែលបានមកពីការចូលរួមឧបត្ថម្ភគាំទ្រពីពុទ្ធបរិស័ទ ជិតឆ្ងាយជាច្រើន៕