(បាត់ដំបង)៖ លោក នឹម ថូត រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកថ្មគោល ខេត្តបាត់ដំបង នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដឹកនាំសហការី បាននាំអំណោយរបស់ក្រុមការងារ ចុះសួរសុខទុក្ខអ្នកជំងឺចំនួន៩៧នាក់ កំពុងសម្រាកព្យាលនៅមន្ទីរពេទ្យស្រុកថ្មគោល ខេត្តបាត់ដំបង។
លោក នឹម ថូត បានថ្លែងថា ក្នុងនាមក្រុមការងារថ្នាក់ជាតិចុះជួយស្រុកថ្មគោល តែងតែចុះសុខទុក្ខប្រជាពលរដ្ឋទូទៅ ដែលកំពុងជួបការលំបាក នៅតាមមូលដ្ឋានជាហូរហែរកន្លងមក ពិសេសប្រជាពលរដ្ឋនៅស្រុកថ្មគោលយើងនេះ ជាក់ស្តែងថ្ងៃនេះ ក្រុមការងារយើង បានចុះសួរសុខទុក្ខអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកថ្មគោល ចំនួន៩៧នាក់។
លោក នឹម ថូត បានបញ្ជាក់ថា អំណោយរបស់ក្រុមការងារដែលត្រូវចែកជូនអ្នកជំងឺទាំង៩៧នាក់ នាថ្ងៃនេះគឺក្នុងម្នាក់ៗ ទទួលបានសារ៉ុង១ និងថវិកា១ម៉ឺនរៀល ជូនដល់មន្ទីរពេទ្យស្រុកថ្មគោល ចំនួន៤០ម៉ឺនរៀល ព្រមទាំងបានទទួលសំណើររបស់លោកប្រធានមន្ទីរពេទ្យស្រុក ជួយសាងសង់បង្គន់ បន្ទប់ទឹកចំនួន២បន្ទប់ តម្លៃ៨លានរៀល ផងដែរ។
មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្តថា សូមបងប្អូនដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំងអស់ថាអ្នកជំងឺទាំងអស់ ត្រូវថែទាំសុខភាព ឱ្យបានល្អ និងត្រូវធ្វើតាមការណែនាំរបស់គ្រូពេទ្យដោយការពារ និងនាំគ្នាអនុវត្តឱ្យបានដូចជា៖ ហូបស្អាត ផឹកទឹកស្អាត រស់នៅស្អាតមានអនាម័យល្អ ជាប្រចាំនៅក្នុងមន្ទីរពេទ្យនិងនៅតាមផ្ទះរបស់បងប្អូន។
នាឱកាសនោះដែរលោកបានថ្លែងអំណរគុណ ធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបុគ្គលិកគ្រូពេទ្យទាំងអស់ដែលបានយកចិត្ត ទុកដាក់ខ្ពស់បំផុតពីសុខមាលភាពសង្គម ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងការព្យាបាលពួកគាត់បានល្អ កាន់តែមានប្រសិទ្ធភាពខ្ពស់តទៅ ដោយផ្អែកលើគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងតាមរយៈក្រសួងសុខាភិបាលរហូតដល់ថ្នាក់មូលដ្ឋាន។
លោកប្រធានមន្ទីរពេទ្យស្រុក និងបុគ្គលិកគ្រូពេទ្យទាំងអស់បានថ្លែងអណរគុណដល់លោកប្រធានក្រុមការងារ និងសហការីទាំងអស់ ដែលតែងបានជួយបំពេញ នូវការខ្វះខាតរបស់ពេទ្យរហូតមក និងបានឆ្លើយតបតាមសំណូមពរជួយសាងសង់បង្គន់បន្ទប់ទឹក ដល់មន្ទីរពេទ្យបន្ថែមទៀត ទុកជាប្រយោជន៍សម្រាប់អ្នកជំងឺប្រើប្រាស់តទៅផងដែរ៕