(សៀមរាប)៖ ធនាគារពិភពលោក (World Bank) បានសម្រេចផ្តល់ថវិកាកម្ចីប្រមាណ ៥០លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍នៅកម្ពុជា ក្នុងនោះថវិកា២០លានដុល្លារ នឹងយកទៅប្រើប្រាស់សម្រាប់គម្រោងសាងសង់បណ្តាញលូខ្នែង និងខ្នែងរងទឹកកខ្វក់ ដែលតភ្ជាប់ពីផ្ទះប្រជាពលរដ្ឋទៅកាន់បណ្តាញលូមេ ដើមី្បប្រមូលទឹកកខ្វក់តាមផ្ទះយកទៅច្រោះសម្អាត នៅស្ថានីយ៍ច្រោះសម្អាតទឹកសំណល់ មុននឹងបញ្ចេញទៅប្រភពទឹកសាធារណៈវិញ។

ការបញ្ជាក់យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់លើផែនការអភិវឌ្ឍប្រព័ន្ធលូប្រមូលទឹកសំណល់ក្នុងក្រុងសៀមរាប ដោយមានការចូលរួមពីលោក ទៀ សីហា អភិបាលរងខេត្តសៀមរាប និងលោក កែន រដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសាធារណការ និងដឹកជញ្ជូន ព្រមទាំងវត្តមានរបស់សហការី ក្រុមការងារធនាគារពិភពលោក ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស SUEZ តំណាងអាជ្ញាធរជាតិអប្សរា មន្ទីរ ស្ថាប័ន អង្គភាព អាជ្ញាធរក្រុង ចៅសង្កាត់ពាក់ព័ន្ធផងដែរ ដែលបានធ្វើឡើងនាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨។

ក្នុងឱកាសនោះ លោក ទៀ សីហា បានបញ្ជាក់ថា ក្នុងរយៈពេលកន្លងមក មានគម្រោងសិក្សាជាច្រើនលើការងារប្រព័ន្ធលូ និងទឹកកខ្វក់ក្នុងក្រុងសៀមរាប ហើយការជួបពិភាក្សាគ្នានេះ ក៏ជាទុនមួយសម្រាប់ការសិក្សាស្រាវជ្រាវពីប្រព័ន្ធលូក្នុងក្រុង នៃគម្រោងធនាគារពិភពលោកផងដែរ។

លោកអភិបាលរងខេត្តបានបន្តថា កន្លងមកទីក្រុងទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រមួយនេះ តែងទទួលរងនូវការលិចលង់ដោយជំនន់ទឹកភ្លៀង ហើយក្រោយមក អាជ្ញាធរជាតិអប្សរា ក៏បានកសាងទំនប់ការពារទឹកជំនន់នៅផ្នែកខាងលើ ដើមី្បបញ្ជៀសការលិចលង់ក្នុងក្រុង។ តែទោះជាយ៉ាងណា នៅពេលមានភ្លៀងធ្លាក់ម្ដងៗ តំបន់មួយចំនួនក្នុងក្រុងសៀមរាបនៅតែរងការលិចលង់ ដោយសារបញ្ហាខ្វះប្រព័ន្ធលូរំដោះទឹក។

លោកបានលើកឡើងទៀតថា ដៃគូអភិវឌ្ឍន៍លើផ្នែកអនាម័យនេះ មានដូចជាធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារអាហរ័ណនីហរ័ណ និងទីភ្នាក់ងារអភិវឌ្ឍន៍នៃប្រទេសបារាំង។ តែទោះបីជាមានការគាំទ្រពីសំណាក់ដៃគូអភិវឌ្ឍន៍ក្តី ក៏ក្រុងសៀមរាបនៅតែមានតម្រូវការក្នុងការសាងសង់បណ្តាញលូខ្នែង និងខ្នែងរង ដើមី្បតភ្ជាប់ពីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ទៅកាន់បណ្តាញលូមេដែលមានស្រាប់។

លោក កែន រដ្ឋា បានបញ្ជាក់ដែរថា ផែនការអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់នេះ ត្រូវបានសិក្សាដោយក្រុមប្រឹក្សា SUEZ ក្រោមការគាំទ្រផ្នែកថវិកា និងកិច្ចផ្តួចផ្តើមអភិវឌ្ឍន៍ទីក្រុងសម្រាប់ទ្វីបអាស៊ី (CDIA) ក្នុងគោលបំណងដើមី្បរៀបចំផែនការអភិវឌ្ឍវិស័យទឹកកខ្វក់ក្នុងក្រុងសៀមរាប ការសិក្សាសមិទ្ធភាព និងលទ្ធភាពសាងសង់បណ្តាញលូខ្នែង និងខ្នែងរងទឹកកខ្វក់ ព្រមទាំងការរៀបចំប្លង់លម្អិត និងឯកសារដេញថ្លៃមួយចំនួនរបស់គម្រោង ហើយគម្រោងនេះត្រូវអនុវត្តក្រោមកម្ចីរបស់ធនាគារពិភពលោក សម្រាប់សិក្សា និងការរៀបចំតភ្ជាប់ប្រព័ន្ធលូពីផ្ទះប្រជាពលរដ្ឋ មកបណ្តាញលូមេដែលមានស្រាប់ក្នុងក្រុង ដើមី្បធានានូវសុខភាព បរិស្ថាន អនាម័យសាធារណៈ និងពង្រឹងសមត្ថភាពធនធានមនុស្សលើការគ្រប់គ្រងអង្គភាពលូទឹក និងស្ថានីយ៍ច្រោះសម្អាតទឹកសំណល់រាវក្នុងខេត្ត ប្រកបដោយគណនេយ្យភាព ប្រសិទ្ធភាព និងនិរន្តរភាព។

លោក កែន រដ្ឋា បានបន្តថា នៅខេត្តសៀមរាប តាមការពិនិត្យការបញ្ចេញចោលទឹកកខ្វក់ ក្នុងមួយថ្ងៃមានប្រមាណ ២៥ពាន់ម៉ែត្រគូប។ បច្ចុប្បន្នអាចគ្រប់គ្រងបញ្ហានេះបានតែ ៨ពាន់ម៉ែត្រគូប ប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលកម្រិតនេះជាបញ្ហាមួយដែលតម្រូវឱ្យមានការគាំទ្រពីសំណាក់ដៃគូអភិវឌ្ឍន៍នានា។

លោកបានបន្តទៀតថា នៅពេលថ្មីៗនេះ ធនាគារពិភពលោកបានសម្រេចផ្តល់កម្ចីប្រមាណ ៥០លានដុល្លារ ដោយក្នុងនោះ ២០លានដុល្លាសម្រាប់គម្រោងទឹកស្អាត និងអនាម័យ ក្នុងការសាងសង់បណ្តាញលូខ្នែង និងខ្នែងរងទឹកកខ្វក់ ដែលតភ្ជាប់ពីផ្ទះប្រជាពលរដ្ឋទៅកាន់បណ្តាញលូមេ ដើមី្បប្រមូលទឹកកខ្វក់តាមផ្ទះយកទៅច្រោះសម្អាត នៅស្ថានីយ៍ច្រោះសម្អាតទឹកសំណល់ មុននឹងបញ្ចេញទៅប្រភពទឹកសាធារណៈវិញ៕