(កំពង់ឆ្នាំង)៖ ក្រោយពីបានចុះទៅជួបផ្ទាល់ពីស្ថានភាពជីវិតរស់នៅប្រចាំថ្ងៃ ពិនិត្យឃើញថា ជីវភាពក្នុងគ្រួសារជួបការលំបាក និងដោយក្តីអាណិតអាសូរ នៅរសៀលថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យក្រុមការងារដឹកនាំដោយ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ ចុះសួរសុខទុក្ខ និងនាំយកអំណោយជា គ្រឿងបរិភោគ សម្ភារប្រើប្រាស់ ស័ង្កសី ៤០សន្លឹក និងថវិកាចំនួន ៥លានរៀល ទៅផ្តល់ជូនអ្នកស្រី នេត វ៉ាន់ អាយុ ៤៣ឆ្នាំ និងកូនប្រុសឈ្មោះ អ៊ន ធីម អាយុ ១៦ឆ្នាំ ពិការពីកំណើតស្វិតដៃជើងនិយាយមិនកើត ហើយមានផ្ទុកមេរោគអេដស៍ទាំងពីរនាក់ម្តាយ-កូន កំពុងរស់នៅផ្ទះទ្រុឌទ្រោម ស្ថិតនៅភូមិជ្រៃកោងលិច ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
អំណោយដែលបានផ្ដល់ជូនទាំងនេះ គឺដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពគ្រួសាររបស់អ្នកស្រី នេត វ៉ាន់ ដែលមានមុខរបរជាអ្នកដេរស្លឹកត្នោតលក់ និងថវិកាឧបត្ថម្ភទុក សម្រាប់ទិញគោញី ២ក្បាល មាន់មួយចំនួនដើម្បីចិញ្ចឹម និងបង្កបង្កើនផលដំណាំផ្សេងៗ ។
ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកស្រីអគ្គលេខាធិការរងទី ១ បានពាំនាំនូវប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងផ្តាំផ្ញើឱ្យខិតខំថែទាំសុខភាពឱ្យបានល្អ មានអនាម័យស្អាតក្នុងការរស់នៅ បរិភោគអាហារមានជីវជាតិ ទៅទទួល និងលេបឱសថប្រឆាំងមេរោគអេដស៍ឱ្យបានទៀតទាត់ និងខិតខំប្រកបរបរចិញ្ចឹមជីវិតបន្តទៅទៀត។
អ្នកស្រី នេត វ៉ាន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែមានមេត្តាធម៌ មានក្តីករុណា គិតគូរ និងលើកទឹកចិត្តដល់ប្រជាជនរងគ្រោះដោយគ្មានការរើសអើង។
នៅពេលចុះទៅសួរសុខទុក្ខនោះ លោកស្រី អគ្គលេខាធិការរងទី ១ បានជួបសំណេះសំណាលជាមួយលោកតា លោកយាយដែលរស់នៅក្បែរខាងចំនួន ៤៤នាក់ ព្រមទាំងបានជូនពួកគាត់ក្នុងម្នាក់ៗ ខោ ឬសំពត់សឹង ១ និងអាវ ឬអាវប៉ាក់ ១ និងថវិកា ២ម៉ឺនរៀល ជាអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាងមុខនេះផងដែរ ៕